(ភ្នំពេញ)៖ ក្រុមសម្ដែងល្ខោនប្រពៃណីហ៊ីចិន បិទបញ្ចប់ការសម្ដែងរបស់ខ្លួនក្នុងប្រទេសកម្ពុជា ជាលើកដំបូងនៅទីបញ្ជាការដ្ឋាន កង អង្គរក្ស សម្តេចតេជោហ៊ុន សែន ក្នុងក្រុងតាខ្មៅ។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការសម្ដែងល្ខោនប្រពៃណីហ៊ីចិន ជាលើកដំបូងនៅមហោស្រពកោះពេជ្រ រយៈពេលបីថ្ងៃ ដើម្បីអបអរខួប ៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ទទួលបានអ្នកចូលទស្សនាយ៉ាងច្រើន កុះករគួរអោយគត់សំគាល់កាលពីដើមសប្ដាហ៍នេះ ក្រុមល្ខោនហ៊ីចិន បានបន្តការសម្ដែងរបស់ខ្លួន១ថ្ងៃទៀត នៅទីបញ្ជាការដ្ឋាន កង អង្គរក្ស សម្តេចតេជោហ៊ុន សែន ក្នុងក្រុងតាខ្មៅ។

ប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា​ នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិនមកសម្តែងនេះ គឺដោយសារល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេ១ របស់ចិន ដែលមានអាយុកាលជិត ២០០ឆ្នាំមកហើយ ហើយល្ខោននេះ ក៏ត្រូវបានចុះបញ្ជូលជាបេតិកភណ្ឌ័វប្បធម៌អរូបីរបស់ពិភពលោកផងដែរ។

ការសម្ដែងជូនទស្សនានាយប់ថ្ងៃទី១២ នៅក្រុងតាខ្មៅនោះ ក៏មានវត្តមានរបស់តួរសម្ដែងសំខាន់ៗ ដែលបានចូលរួមក្នុងការសម្ដែងហ៊ីនេះផងដែរ ដោយក្នុងនោះក៏មានវត្តមានរបស់ លោក Li Hong Tu សម្ដែងតួ Xu Xian នៅក្នុងរឿង ពស់ស (Bai She Zhuan) គឺជាតារាសម្តែងជួរមុខគេបង្អស់ នៃមហោស្រពប៉េកាំង ហើយគាត់ជាប្រធានក្រុម Mei Lanfang ដែលបានឈ្នះពានរង្វាន់ វិចិត្រករឆ្នើមបំផុតនៅអាស៊ីផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការសម្ដែងថ្ងៃចុងក្រោយនេះ នៅក្នុងបរិមាណទីបញ្ជាការដ្ឋាន កង អង្គរក្សយប់មិញនេះ ក៏ទទួលបានការចូលរួមទស្សនាយ៉ាងច្រើនពីប្រជាពលរដ្ឋ និងកងអង្គរក្សយ៉ាងច្រើនផងដែរ៕