(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ែមមឺរឹត បានរៀបចំពិធីមួយអបអរនៃការទទួលយកយន្តហោះ Boeing 777-300ER ចុងក្រោយតាមការបញ្ជាទិញរបស់ខ្លួន ដោយយន្តហោះ A6-EQP គឺជាយន្តហោះប្រភេទ Boeing 777 ទី១៩០ ដែលត្រូវបានដឹកជញ្ជូនទៅឲ្យ អ៊ែមមឺរឹត ដែលជាក្រុមហ៊ុនអាកាសចរណ៍ប្រើប្រាស់យន្តហោះប្រភេទ Boeing 777 ធំជាងគេបង្អស់លើពិភពលោក និងជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់នៅលើពិភពលោកដែលបាន ដំណើរការយន្តហោះទាំង៦ ប្រភេទរបស់ Boeing 777។
កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ដោយក្រុមហ៊ុនអ៊ែមមឺរឹត ក៏នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍មួយដំបូងគេនៅលើពិភពលោក ដែលនឹងហោះហើរជាមួយម៉ូដែលជំនាន់ក្រោយពីរ ប្រភេទរបស់ក្រុមហ៊ុន Boeing គឺ Boeing 777-8 និង Boeing 777-9។ យន្តហោះ Boeing មួយក្នុង ចំណោមយន្តហោះប្រភេទ 777 ដែលធ្លាប់ត្រូវបានផលិតដោយក្រុមហ៊ុន Boeing ត្រូវបានបញ្ជូនទៅកាន់អ៊ែមមឺរឹត។
ចំពោះការកំណត់ស្តង់ដារសម្រាប់បទពិសោធន៍ហោះហើរ និងសុវត្ថិភាពរបស់អ្នកដំណើរ អ៊ែមមឺរឹត បានវិនិយោគជាបន្តបន្ទាប់លើការផ្ដល់ជូននៅលើយន្តហោះ និងសេវាកម្មរបស់ខ្លួន ដោយក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ នេះបានដាក់បង្ហាញថ្នាក់កាបីនម៉ាកថ្មី សម្រាប់យន្តហោះ Boeing 777-300ER របស់ខ្លួន រួមទាំងកន្លែងអង្គុយឯកជនលំដាប់ថ្នាក់ទី១ ក៏ដូចជាកៅអីដែលបាន រចនាថ្មី និងប្រព័ន្ធកម្សាន្តទំនើបសម្រាប់កាបីនថ្នាក់ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ក្រុមហ៊ុនអ៊ែមមឺរឹត ក៏បានចាប់ផ្តើមកម្មវិធីកែប្រែរចនាសម្ព័ន្ធរបស់យន្តហោះ Boeing 777-200LR ទាំង ១០គ្រឿងរបស់ខ្លួន ដោយដំឡើងកៅអីលំដាប់ថ្នាក់ពាណិជ្ជកម្មថ្មីដែលកាន់តែទូលាយជាងមុន ព្រមទាំងការកែប្រែកៅអីថ្នាក់សេដ្ឋកិច្ចដែលថ្មីស្រឡាងទាំងស្រុង ដើម្បីធ្វើឲ្យអ្នកដំណើរមានភាពងាយស្រួលជាងមុន។
ក្រុមហ៊ុនអ៊ែមមឺរឹត គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនយន្តហោះដ៏ទៃទៀត ដែលប្រើប្រាស់យន្តហោះមានអាយុកាលក្មេងជាងគេបំផុត នៅលើពិភពលោក ដែលជាមធ្យម ៥,៨៧ ឆ្នាំ ដែលជាតួលេខទាបខ្លាំងជាងកម្រិតដែលទទួលយកបាននៅក្នុងឧស្សាហកម្មអាកាសចរណ៍។ អ៊ែមមឺរឹត បានបន្តយុទ្ធសាស្រ្តដ៏មហិមាដោយបញ្ឈប់ការប្រើប្រាស់យន្តហោះចាស់ៗ និងបញ្ជូលនូវយន្តហោះថ្មីៗ និងទំនើបជាងមុន ដែលអាចធ្វើឲ្យប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពថែមទៀត។
ចាប់ពីឆ្នាំ២០២០ទៅ ក្រុមហ៊ុនអ៊ែមមឺរឹតនឹងចាប់ផ្តើមដាក់បញ្ចូលនូវយន្ដហោះ Boeing 777-8 ចំនួន ៣៥គ្រឿង និង Boeing 777-9 ចំនួន ១១៥គ្រឿង។យន្តហោះជំនាន់ក្រោយទាំងនេះនឹងមានការរចនាលើចំហេះប្រេងដែលមានប្រសិទ្ធភាពជាងមុន ហើយនឹងមានបង្អួចធំៗ ផ្ដល់សម្ពាធខ្យល់ និងសំណើមក្នុងកាប៊ីន ពិដានខ្ពស់ ផ្ទៃខាងក្នុងធំទូលាយ និងប្រព័ន្ធកម្សាន្តទំនើប ដែលរួមចំណែកផ្ដល់បទពិសោធន៏ល្អប្រសើរដល់អតិថិជន៕