(ភ្នំពេញ)៖ ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន កាលពីយប់មិញនេះ បានបង្ហាញស្នាមញញឹម បិតមាត់មិនជិតទេ នៅពេលដែលពិធីករ-ពិធីការិនី ប្រកាសថា តារាសម្តែង ក្នុងរឿង «អនុស្សាវរីយ័ថ្ងៃចូលឆ្នាំ» លោក ខាត់ វៃហាំង ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ ២០១៨ នៅក្នុងព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំលើកទី៣ ដែលរៀបចំឡើង ដោយរោងភាពយន្តលេជេន។
ភាពយន្តរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ដែលជារឿងរបស់ផលិតកម្មមហាហង្ស សហការជាមួយផលិតកម្ម មកពីប្រទេសថៃ និងមានការសម្តែងរួមគ្នារវាង តារាសម្តែងបីប្រទេសគឺកម្ពុជា ថៃ និងឡាវ។ តួឯកប្រុសកម្ពុជា ក្នុងរឿងនេះទទួលបានសំឡេងសា ជាច្រើនលើសអស់តារាប្រុសស្រីជាច្រើនរូបផ្សេងទៀត ដែលសម្តែងក្នុងភាពយន្តឆ្នើមទាំង១០ ដែលជ្រើសរើសដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំ២០១៨លើកទីបីនេះ។
លោក អ៊ិន សុភិន បានប្រាប់ឲ្យដឹងថា លោករំភើបនិងសប្បាយចិត្តមែនទែន ដែលរឿងរបស់ផលិតកម្មមហាហង្ស ហើយតារាសម្តែង លោក វ៉ៃហាំង បានទទួលពានរង្វាន់តារាឆ្នើមប្រចាំឆ្នាំនេះ ហើយជឿជាក់ថាការជួបពានឆ្នាំនេះគឺជាកំលាំងចិត្តឲ្យផលិតកម្មខំប្រឹង ផលិតរឿងល្អៗក្រោយទៀត ឲ្យកាន់តែល្អនិងទទួល បានការចាប់អារម្មណ៍ និងគាំទ្រដូចរឿងនេះអីចឹង។
ដោយឡែក លោក ខាត់ វៃហាំង ដែលជាសាម៊ីខ្លួន ដែលទទួលបានពានតារាសម្តែងឆ្នើមប្រចាំឆ្នាំបានប្រាប់ឲ្យដឹងថា ការខិតខំប្រឹងប្រែង អស់ពីលទ្ធភាពកន្លងមក គឺពិតជាធ្វើឲ្យលោកទទួលបានជោគជ័យ និងកិត្តិយសនៅពេលនេះ ហើយក៏បានកើតឡើងពីការចូលរួមជួយជំរុញបង្ហាត់បង្ហាញរបស់ផលិតករ សិល្បករជើងចាស់ និងពីអ្នកគាំទ្រ។ តារារូបនេះថ្លែងដោយភាពរំភើបថាជាមោទនភាពសម្រាប់ការងារជាអាជីពសម្តែង។ លោកពិតជាអរគុណសម្រាប់អ្នកគាំទ្រដែលបានចូលរួមបោះឆ្នោតរហូតលោកមានឱកាសកាន់ពានមួយនេះបាន។
ក្នុងព្រឹត្តិការណ៍នេះ មានតារាសម្តែងក្នុងភាពយន្តជាច្រើន ត្រូវបានដាក់ឲ្យបោះឆ្នោត មានដូចជាកញ្ញា គង់ ស្រីមុំ ក្នុងរឿង «កូនអើយម្តាយខ្មោច» កញ្ញា ហេង ចន្ថា ក្នុងរឿង «បន្តោងឆ្នាំដី» លោក ខាត់ វៃហាំង ក្នុងរឿង «អនុស្សាវរីយថ្ងៃចូលឆ្នាំ» កញ្ញា សុខ សោម៉ាវត្តី ក្នុងរឿង «កូនក្រក» កញ្ញា យក់ ឋិតរដ្ឋា ក្នុងរឿង «ចិញ្ចៀនខ្មោច» កញ្ញា សាឡាត់ ស្រីឡាង ក្នុងរឿង «ទីងមោង» និងកញ្ញា ថន ថាណែត ក្នុងរឿង «ចងពា»។
គួរបញ្ជាក់ដែរថាព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំ២០១៨ នេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ នៅរោងភាពយន្តលេជេន អេដិន ក្នុងបរិវេណផ្សារទំនើបអេដិន ហ្គាដិនម៉ល (Eden Garden Mall)។ កម្មវិធីនេះ នឹងមានការចូលរួមពី សំណាក់សិល្បករ ផលិតករ ប្រមាណជាង៣០០នាក់។ ក្រៅពីការបង្កើតបរិយាកាសក្នុងការទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា រោងភាពយន្តលេជេនក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិស័យខ្សែភាពយន្ត នៅកម្ពុជាផងដែរ៕