(ភ្នំពេញ)៖ បន្ទាប់ពីឃើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចាត់វិធានការចំពោះអតីតមេអាវុធហត្ថខេត្តរតនគិរីនោះ មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ ក៏បានចេញមកទទូចឲ្យប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នកងរាជអាវុធហត្ថពិនិត្យ និងចាត់វិធានការទៅលើមេអាវុធហត្ថរបស់ខ្លួនផងដែរ។

តាមរយៈលិខិតរៀបរាប់ពីបញ្ហាអសកម្មរបស់ជនដែលអះអាងថាជាមន្ត្រីអាវុធហត្ថខេត្តព្រះវិហារបានលើកឡើងថា លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ដែលបានមកកាន់តំណែងជាមេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារអស់រយៈពេល៧ឆ្នាំកន្លងមកនេះ បានយកតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយកប្រយោជន៍ផ្ទាល់ ដូចជាលាក់ចំនួនមន្ត្រីមិនមកបម្រើការងារហើយបើកប្រាក់ខែយកខ្លួនឯង ព្រមទាំងយករបបអង្ករជាដើម។

ក្នុងលិខិតបន្តទៀតថា នៅពេលថ្មីៗនេះ លោក កង សៅគុណ បានយកប្អូនប្រុសបង្កើតរបស់ខ្លួន គឺលោក កង ពុទ្ធា មកធ្វើជានាយរងសេនាធិការទទួលធ្វើការងារសេដ្ឋកិច្ចក្នុងខេត្តទាំងមូល និងធ្វើសកម្មភាពប្រមូលលុយពីបទល្មើសផងដែរ។ លិខិតបានអះអាងថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងឱកាសបុណ្យចូលឆ្នាំចិនលោក កង ពុទ្ធា បានរៀបចំពិធីសែនចូលឆ្នាំចិនផឹកស៊ីសប្បាយ និងកោះហៅមន្ត្រីអាវុធហត្ថខេត្តទៅចូលរួម។ ព្រោះតែដើម្បីតែទៅចូលរួមពិធីជួបជុំសប្បាយរបស់មេ បានធ្វើឲ្យមន្ត្រីអាវុធហត្ថម្នាក់ស្លាប់បាត់បង់ជីវិតព្រោះតែគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរត្រឡប់ពីពិធីជួបជុំនោះ។

មន្ត្រីនគរបាល ដែលបានជួបគ្រោះថ្នាក់ពេលធ្វើដំណើរត្រឡប់ពីកម្មវិធីនៅផ្ទះ លោក កង ពុទ្ធា នោះមានឈ្មោះវរសេនីយ៍ត្រី រៀល ផាន។

ម្ចាស់លិខិតដែលអះអាងថាខ្លួនជាមន្ត្រីអាវុធហត្ថរូបនេះ បន្តលើកឡើងផងដែរ លោក កង សៅគុណ មកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តាំងពីបាតដៃទទេ។ មកដល់បច្ចុប្បន្នបានកើបលុយពីបទល្មើសធនធានធម្មជាតិក្នុងខេត្តទាំងមូលប្រមូលយកទៅធ្វើផ្ទះផ្ទាល់ខ្លួននៅខេត្តសៀមរាបតម្លៃមិនក្រោមពី ៣០ម៉ឺនដុល្លារអាមេរិក និងធ្វើស្ថានីយប្រេងឥន្ធនៈនៅឃុំស្រយង់ ស្រុកគូលែនតម្លៃប្រហែល ១០ដប់ម៉ឺនដុល្លារអាមេរិកថែមទៀងផង។

ឆ្លើយតបការចោទប្រកាន់នេះ តាមរយៈបទសម្ភាសន៍ជាមួយ Fresh News នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងអស់នេះ។ លោក កង សៅគុណ បានអះអាងថា ក្នុងតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហាររយៈពេល៧ឆ្នាំមកនេះ លោកបានប្រឹងប្រែងកសាងអង្គភាព ដូចជាការប្រឹងប្រែងរកថវិកាសម្រាប់កសាងទីបញ្ជាការដ្ឋានជាដើម។

លោកមេបញ្ជាការ បានជំរុញឲ្យមន្ត្រីដែលចោទប្រកាន់លោក ឲ្យកសាងសំណុំរឿងដាក់ពាក្យប្តឹងទៅកាន់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះ បើរកឃើញរូបលោកប្រព្រឹត្តអំពើពុករលួយកើបលុយដាក់ហោបៅមែននោះ។

ពាក់ព័ន្ធការបើកស្ថានីយប្រេងវិញនោះ លោក កង សៅគុណ បានលើកឡើងថា វាជារបររកស៊ីរបស់ភរិយា និងកូនៗរបស់លោកតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយរូបលោកនោះឡើយ។ មេអាវុធហត្ថរូបនេះ បានចាត់ទុកអ្នកសរសេរលិខិតនេះថា ជាជនចង់បង្កាច់បង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះរបស់លោក ឬជាអ្នកដែលច្រណែនឈ្នានីសជាមួយរូបលោកតែប៉ុណ្ណោះ៕