(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអេស អាយ ណិត ( SINET) បានសហការជាមួយក្រុមហ៊ុនណូគា (Nokia) ល្បឿនលឿន ក្នុងការពង្រីកសេវាកម្មខ្សែកាបអុបទិករបស់ខ្លួនទៅកាន់ទីផ្សារលំនៅដ្ឋានបន្ថែមទៀត ហៅកាត់ថា FTTH ដែលរយៈពេលកន្លងមក ត្រូវបានទទួលស្គាល់ដោយគុណភាព និងជំនាញបច្ចេកទេស នៅទូទាំងប្រទេសផងដែរ។

ក្រុមហ៊ុនអេស អាយ ណិត (SINET ) នឹងផ្តល់សេវាកម្ម អ៊ិនធឺណេតដែលប្រើដោយ បច្ចេកវិទ្យា GPON និងOLT ដល់មនុស្ស ដែលនិយមរស់នៅតាមផ្ទះបែបអាផាតមិន, បុរី, និងអាគារស្នាក់នៅរួម។ បច្ចេកវិទ្យានេះនឹងផ្តល់ឲ្យអ្នកប្រើប្រាស់ នូវអ៊ិនធឺណេត ដែលមានល្បឿនលឿនជាងមុន និងមានគុណភាពខ្ពស់។ មធ្យោបាយថ្មី GPON របស់ NOKIA នេះនឹងដើរតួជាគ្រឹះមូលដ្ឋាន សម្រាប់គម្រោងសេវាកម្មដែល SINET បានរំពឹងទុក សម្រាប់ថ្ងៃអនាគត ដែលរួមមានការមើលវីឌីអូផ្ទាល់ពីអ៊ីនធឺណេត និងប្រព័ន្ធសន្តិសុខនានា។

លោក Meta Sy នាយកប្រតិបត្តិនៃ ក្រុមហ៊ុនអេស អាយ ណិត (SINET )បានឲ្យដឹងថា «ទីផ្សាររបស់ប្រទេសកម្ពុជា កំពុងតែពោរពេញទៅដោយអ្នកផ្តល់សេវាអ៊ិនធឺណេត ដែលមានគុណភាពទាប និងមិនសូវមានការយកចិត្តទុកដាក់ចំពោះគុណភាពរយៈពេលយូរ និងទំនុកចិត្តនោះឡើយ។ យើងសម្រេចចិត្តថា យើងនឹងផ្តាច់ខ្លួនពីការប្រកួតប្រជែងនេះ តាមរយៈការផ្តោតសំខាន់លើគុណភាពវិញដោយធ្វើការផ្តោតលើគម្រោងបុរី និងអាគារស្នាក់នៅរួម។ នេះបានន័យថាសេវាកម្មរបស់យើងនឹងមានស្តង់ដារ ប្រសិទ្ធិភាព ទំនុកចិត្ត ល្បឿន និងភាពងាយស្រួលក្នុងការស្វែងរកបង្ហាបច្ចេកទេសដែលអាចកើតមានឡើងស្មើរនឹងការផ្តល់អ៊ិនធឺណេតលំដាប់អន្តរជាតិ ដែលទាំងនេះហើយជាកត្តាដែលនាំឲ្យយើងជ្រើសរើសយកក្រុមហ៊ុន Nokia»

លោកបន្តថា ក្រុមហ៊ុនអេស អាយ ណិត គឺជាអ្នកជំនាញផ្តល់សេវាកម្មអ៊ិនធឺណេត និងទូរគមនាគមន៍ដែលមានការយកចិត្តទុកដាក់ខ្ពស់លើឧត្តមភាពផ្នែកវិស្វកម្មនិងការគាំទ្រដែលអាចជឿទុកចិត្តបានចាប់តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ អេស អាយ ណិត គឺជាក្រុមហ៊ុនឈានមុខមួយក្នុងចំណោមក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណេត និងអាយស៊ីធីសម្រាប់អាជីវកម្ម និងក្រុមហ៊ុនហើយគឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងការរីកចម្រើនផ្នែកបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាថ្មីបំផុត បណ្តាញបច្ចេកវិទ្យា និងការអនុវត្តដែលប្រកបដោយសុវត្ថិភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក Sebastien Laurent ប្រធានក្រុមហ៊ុន NOKIA ប្រចាំប្រទេសកម្ពុជា និងថៃ បានបញ្ជាក់ថា «យើងផ្តល់ SINETនូវជម្រើសល្អបំផុត សម្រាប់តម្រូវការប្រតិបត្តិការរបស់ពួកគេ។ បច្ចេកវិទ្យា Mini OLT របស់យើង មានប្រសិទ្ធិភាពខ្ពស់ ក្នុងការផ្តល់នូវសេវាអ៊ិនធឺណេតដែលមានគុណភាពខ្ពស់ និងល្បឿនលឿន សម្រាប់អ្នកនិយមនៅតាមផ្ទះ អាផាតមិនក្នុង អាគារខ្ពស់ៗ ហើយក្នុងពេល ជាមួយគ្នានោះ យើងជួយសន្សំនូវទីធ្លា និងចំណាយផ្សេងៗ។ ជាមួយនឹងបច្ចេកវិទ្យា GPON របស់ NOKIA ការដាក់ចេញនូវសេវានេះ នឹងបំពេញតម្រូវការកើនឡើងរបស់ប្រជាជនកម្ពុជា នូវអ៊ិនធឺណេតដែលមានល្បឿនលឿនក្នុងតម្លៃសមរម្យ»

លោកបន្តថា «ការបង្កើតបច្ចេកវិទ្យាដើម្បីភ្ជាប់ពិភពលោកនេះ យើងជាអ្នកអភិវឌ្ឍ និងផ្តល់នូវឧបករណ៍ភ្ជាប់បណ្តាញកម្មវិធី សេវាកម្ម និងផ្តល់អជ្ញាប័ណ្ណ ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ អតិថិជនរបស់យើង រួមមានអ្នកផ្តល់ សេវាកម្មទំនាក់ទំនង ដែលមានអតិថិជនប្រចាំដល់ទៅ ៥.៧ពាន់លានគណនី ក៏ដូចជា សហគ្រាស នៅក្នុងវិស័យឯកជន និងសាធារណៈដែលប្រើប្រាស់ផលប័ត្របណ្តាញរបស់យើង ដើម្បីបង្កើនផលិតភាព និងគុណភាពជីវិតផងដែរ»

លោកបានបញ្ជាក់ថា តាមរយៈក្រុមស្រាវជ្រាវមាន Nokia Bell Labs ដែលមានភាព ល្បីល្បាញ ទូទាំងពិភពលោកដែលកំពុងតែដឹកនាំពិភពលោកទៅកាន់ការប្រើប្រាស់បណ្ដាញ 5G ចុងក្រោយបំផុតដែលមាន ល្បឿនលឿនជាងមុន មានសុវត្ថិភាពជាងមុន និងមានសមត្ថភាព ធ្វើបដិវត្តជីវិតសេដ្ឋកិច្ច និងសង្គមឲ្យបានប្រសើរជាងមុន។ ក្រុមហ៊ុន Nokia គោរព តាមបទដ្ឋានសីលធម៌ អាជីវកម្មខ្ពស់បំផុត នៅពេលដែលក្រុមហ៊ុនបង្កើតបច្ចេកវិទ្យា ដោយគិតដល់គោលបំណងល្អ សម្រាប់សង្គម គុណភាព និងសុចរិតភាពផងដែរ៕