(ភ្នំពេញ)៖ អ៊ែមមឺរឹត Emirates ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការមួយ និងជាដៃគូរចម្បងក្នុងការផ្តួចផ្តើមពិព័រណ៍ទីក្រុងឌូបៃឆ្នាំ២០២០ បានបើកបង្ហាញពីការរចនា និងទស្សនវិស័យនៃបទពិសោធន៍របស់អ្នកទស្សនា នៅក្នុងសាលតាំងពិព័រណ៍នៃព្រឹត្តិការណ៍ដ៏ធំដែលមានរយៈពេល៦ខែ ដោយផ្តោតទៅលើអនាគតនៃពាណិជ្ជកម្មលើវិស័យអាកាសចរណ៍។
ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍មួយដែលអ្នកគួរតែចូលរួម ហើយវាក៏ជាព្រឹត្តិការណ៍ដែលមានកម្មវិធីកម្សាន្តជាប្រចាំថ្ងៃ មានដូចជាការប្រគុំតន្ត្រី ពិធីបុណ្យវប្បធម៌ ការជជែក និងសិក្ខាសាលា ព្រមទាំងកម្មវិធីជាច្រើនទៀត។
ការរៀបចំនេះដែរ នឹងប្រព្រឹត្តិទៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លោក Sheikh Ahmed bin Saeed Al Maktoum ជាប្រធាននិងអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតមានប្រសាសន៍ថា «ថ្ងៃនេះពួកយើងពិតជាមានមោទនភាពក្រៃលែង ដើម្បីបើកបង្ហាញពីភាពលម្អិត នៃសាលពិព័រណ៍របស់អ៊ែមមឺរឹត ដែលនឹងធ្វើឡើងនៅឆ្នាំ២០២០ ក្នុងគោលបំណងសម្រាប់សាលពិពរណ៍របស់យើងគឺស្របទៅនឹងការធ្វើពិព័រណ៍ Expo 2020 ទីក្រុងឌូបៃ ដើម្បីជំរុញឲ្យមានការបង្កើតបទពិសោធន៍ គំនិតច្នៃប្រឌិត និងជំរុញឲ្យមានការប្តេជ្ញាចិត្តសម្រាប់អនាគតដ៏ល្អប្រសើរមួយខាងមុខ»។
លោក Reem Al Hashimy រដ្ឋមន្រ្តីក្រសួងការបរទេសនៃសហភាពអារ៉ាប់ និងជាអគ្គនាយក ការិយាល័យពិព័រណ៍ ទីក្រុងឌូបៃឆ្នាំ២០២០ (Expo Dubai 2020) បានឲ្យដឹងថា «ពួកយើងពិតជាមានភាពសោមនស្សរីករាយណាស់ក្នុងការពាំនាំពិភពលោកទាំងមូលឲ្យបានទទួលនូវបទពិសោធន៍ពីពិព័រណ៍ដ៏អស្ចារ្យនេះ។ អស់រយៈពេលជាង ១៧០ ឆ្នាំកន្លងមក ពិព័រណ៍លំដាប់ពិភពលោក (World Expos)បានបង្រួបបង្រួមមនុស្សក្នុងស្មារតី មួយឲ្យពួកគេ មានសេចក្តីរីករាយ សម្រាប់ថ្ងៃអនាគត និងបង្កើតភ្ញាក់ផ្អើល ចំពោះគំនិតច្នៃប្រឌិត វប្បធម៌ សិល្បៈ និងម្ហូបអាហារ»។
ការតាំងពិពរណ៍ទីក្រុងឌូបៃឆ្នាំ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ អ្នកចូលចិត្តញ៊ំាអាហារ និង អ្នកដែលកំពុងស្វែងរកអាហារថ្មីៗ ហើយប្លែកប្រកបដោយ ភាពច្នៃប្រឌិត នឹងអាចភ្លក់នូវម្ហូបអាហារមកពីគ្រប់ទិសទី នៅទូទាំងពិភពលោកដែលមានជាង 200 មុខ រួមទាំង អាហារតាមរទេះធម្មតា អាហារក្នុងភោជនីយដ្ឋានដ៏ប្រណិត និងអាហារ៣៤មុខ ដែលអ្នកមិនធ្លាប់បានឃើញពីមុនមកនៅទីក្រុងឌូបៃ។
សាលពិព័រណ៍អ៊ែមមឺរឹតត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងដូចទៅនឹងស្លាបយន្តហោះត្រៀមខ្លួន ដើម្បីហោះហើរ ដោយរួមបញ្ចូល នៅប្រធានបទ៣គឺចល័តឱកាស និងនិរន្តរភាព នៃការតាំងពិព័ណ ២០២០នៅទីក្រុងឌូបៃ។ គ្រោងស្ថាបត្យកម្មចំនួន២៦ ដែលគ្របដណ្តប់ ទាំងស្រុងនៃរោងនឹងមានអំពូល LED ជាង៨០០ម៉ែត្រដើម្បីបង្កើតប្រសិទ្ធភាព នៃសេនសឺ (Sensor) និងចលនាពន្លឺតាមរចនាសម្ពន្ធ័ ដែលបង្ហាញនូវភាពរស់រវើក ដោយពន្លឺជារៀងរាល់យប់នៅក្នុងសាលពិព័រណ៍។
ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏កំពុងវិនិយោគលើបច្ចេកវិទ្យាស្កេនព័ត៍មានឈានមុខគេ ដើម្បីជួយសម្រួលដល់អ្នកដំណើរនៅលើព្រលានយន្តហោះនៅទីក្រុងឌូបៃ និង មានបច្ចេកវិទ្យាច្រើនផ្សេងទៀត ដែលនឹងដាក់ដំណើរការក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីផ្ដល់នូវបទពិសោធន៏ហោះហើរកាន់តែប្រសើរ៕