(ភ្នំពេញ)៖ ហាង Socials Coffee បានប្រារព្ធខួប១ឆ្នាំរបស់ខ្លួន និងបានប្រកាសបើកសម្ពោធសាខាទី៣របស់ខ្លួន ដោយផ្ដល់ឱកាសការងារយ៉ាងពិសេសដល់ជនពិការ និងគថ្លង់ ដែលមានទីតាំងនៅក្នុងធនាគារ PPCBank។

Socials Coffee ត្រូវបានចាប់ផ្តើមឡើងជាគម្រោងសាកល្បងដោយមានការសហការជាមួយធនាគារ PPCBank ដើម្បីផ្តល់នូវឱកាសការងារសម្រាប់ជនពិការ គ ថ្លង់។ ចាប់តាំងពីការបើកដំណើរការកាលពីឆ្នាំមុនមក Socials Coffee បានពង្រីកសាខាចំនួនបីទីតាំង ដោយទីតាំងទី៣របស់ខ្លួនត្រូវបានដាក់ឲ្យដំណើរការនៅតាមមហាវិថីព្រះនរោត្តមផងដែរ។

Socials Coffee ត្រូវបានបង្កើតឡើងដោយអតីត បុគ្គលិកបម្រើការធនាគារ លោក Swapnil Deshmukh ។ ហាង Socials Coffee គឺជាហាងកាហ្វេតែមួយគត់ក្នុងរាជធានីភ្នំពេញដែលបានតែងតាំងជនពិកា គ ថ្លង់ឲ្យធ្វើជាប្រធានក្រុមមើលការខុសត្រូវក្នុងហាងទាំងមូល។ Socials Coffee ត្រូវបានជាប់ចំណាត់ជាហាងកាហ្វេល្អមួយក្នុងចំណោមហាងកាហ្វេល្អដាច់គេទាំង៣នៅក្នុងរាជធានីភ្នំពេញដោយគេហទំព័រដំណើរកំសាន្ដធំជាងគេក្នុងពិភពលោក“Tripadvisor.com” ។

លោក Swapnil Deshmukh ស្ថាបនិករបស់ Socials Coffee មានថ្លែងឲ្យដឹងថា «ពួកយើងពិតជាមានភាពរីករាយណាស់ដែលមានអតិថិជនជាច្រើនគាំទ្រហាងកាហ្វេរបស់យើង។ អតិថិជនបន្ដមកកាន់ហាងកាហ្វេយើង ដោយសារពួកគេពេញចិត្តជាមួយរសជាតិ និងសេវាកម្មរបស់ហាងកាហ្វេយើង។ ការគាំទ្ររបស់អតិថិជនមកកាន់ Socials Coffee គឺមានន័យថាអតិថិជនគឺកំពុងតែជួយគាំទ្រ ទៅដល់សហគមន៍ជនពិការ គ ថ្លង់ផងដែរ»

លោកបានបន្ថែមទៀតថា «យើងទទួលបានជោគជ័យយ៉ាងច្រើនក្រៃលែង ក្នុងដំណាក់កាលទីមួយរបស់យើង ក្នុងការបង្កើតឲ្យមានហាងកាហ្វេមួយ ដែលទទួលបានការស្រឡាញ់ច្រើន ដែលត្រូវបានគ្រប់គ្រង និងមើលការខុសត្រូវ ដោយក្រុមការងារដែលជាជនពិកា គ ថ្លង់។ ពេលនេះពួកយើងកំពុងចាប់ផ្ដើមជាមួយដំណាក់កាលទី២នៃដំណើររបស់យើង ដោយការសហការជាមួយហាងកាហ្វេដទៃទៀត ក្នុងការជួយបណ្ដុះបណ្ដាលទៅដល់បុគ្គលិកជាជនពិកា គ ថ្លង់ និងការធ្វើអាជីវកម្មហាងកាហ្វេដែលគ្រប់គ្រង និងមើលការខុសត្រូវដោយជនពិកា គ ថ្លង់»

ធនាគារ PPCBank គឺជាដៃគូសហការដ៏ចម្បងមួយរបស់ Socials Coffee ដោយធនាគារបានផ្តល់ជាទីតាំងសម្រាប់ឲ្យ Socials Coffee បើកដំណើរការ ហើយធនាគារនេះក៏បានដើរតួយ៉ាងសំខាន់ដែលនាំឲ្យ Socials Coffee អាចមានលទ្ធភាពពង្រីកសាខាទី៣របស់ខ្លួន។

លោក Andrew Shin ប្រធានក្រុមហ៊ុនរបស់ធនាគារ PPCBank បានបញ្ជាក់ថា «ពួកយើងពិតជាមានភាពសប្បាយរីករាយណាស់នៅពេលបានឃើញភាពរីកចម្រើនទៅមុខយ៉ាងមានសន្ទុះរបស់ហាង Socials Coffee។ គោលគំនិតនៃហាងកាហ្វេយើងគឺបានផ្តល់ប្រយោជន៍ដល់ភាគីទាំងអស់រួមមាន ស្ថាបនិកដ៏មានទឹកចិត្តជ្រះថ្លា ចំពោះសមាគមន៍ជនពិការ គ ថ្លង់កម្ពុជា គឺពួកគេទទួលបានឱកាសធ្វើការងារ និងអតិថិជនរបស់ហាង Socials Coffee ទាំងអស់ដែលបានរកឃើញគ្រាប់ត្បូងដែលមានតម្លៃមួយនេះ និងអតិថិជនទាំងអស់របស់ធនាគារ អាចរីករាយជាមួយកាហ្វេដែលមានរសជាតិឆ្ងាញ់ ក្នុងកំឡុងពេលដែលពួកគេកំពុងទទួលសេវាកម្មពីធនាគារយើង»

លោក Swapnil បានស្នើរសុំឲ្យមានផ្លូវសម្រាប់រទះរុញ ពួកយើងក៏បានជួសជុសជណ្តើរនៅសាខាកណ្ដាល របស់យើងភ្លាមដើម្បីបំពេញតាមការស្នើរសុំ។ ពួកយើងនឹងបន្ដជួយគាំទ្រទៅដល់ Social Coffee តាមរយៈការផ្តល់កន្លែងបន្ថែមទៀតនៅតាមសាខាផ្សេងៗរបស់ធនាគារយើង ការជួយផ្សព្វផ្សាយ និងការផ្ដល់ឱកាសឲ្យពួកគាត់អាចផ្ដល់សេវាភេសជ្ជៈបានងាយផងដែរ។

សូមបញ្ជាក់ផងដែរថា Socials Coffee ក៏ចាប់អារម្មណ៍ក្នុងការពង្រីកសាខារបស់ខ្លួន នៅឯប្រទេសជិតខាងផងដែរ ដូចជាប្រទេសវៀតណាម និងឡាវនាពាក់កណ្តាលឆ្នាំ២០១៩នេះ៕