(ព្រះសីហនុ)៖ រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ ទុនវិនិយោគក្នុងវិស័យសំណង់មានប្រមាណជាង ១ពាន់លានដុល្លារ កើនឡើងជិត៤០ភាគរយ ដែលបង្ហាញពីការរីកចម្រើនយ៉ាងល្អប្រសើរមួយក្នុងវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា គម្រោងវិនិយោគក្នុងវិស័យសំណង់កាលពីខែមិថុនាមាន ៣៤០គម្រោង ហើយបានកើនឡើងដល់ ៥២៥គម្រោងក្នុងខែកក្កដា ទន្ទឹមនិងនោះទុនវិនិយោគសំណង់កើនឡើងដល់ទៅជាង ១ពាន់លានដុល្លារ ក្នុងកំណើនជិត៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា សំណង់លំនៅដ្ឋានសរុបមានចំនួន ៤៣៨គម្រោង, អាគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានចំនួន ៦៩អគារ, បណ្តុំលំនៅឋានលក្ខណៈបុរី ២៣គម្រោង, សំណង់អគារពហុមុខងារមាន១១គម្រោង, អគាររោងចក្រមាន២៧គម្រោង, និងអគារផ្ទះល្វែងមាន៧៧១ល្វែង។ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ដោយវិស័យអចលនទ្រព្យ នៅតែបង្ហាញសញ្ញាណល្អ ទើបជំរុញឲ្យវិនិយោគិនជាតិ និងអន្តរជាតិ បន្តបណ្តាក់ទុនលើវិស័យនេះនៅខេត្តព្រះសីហនុយ៉ាងគំហុកផងដែរ។
ដោយឡែកកាលពីថ្មីៗក៏មានអ្នកវិនិយោគរូប គឺលោក លឹម លីឆាយ ប្រធានក្រុមព្រឹក្សាភិបាលក្រុមហ៊ុនឡឺសិន ដឹឡោតហ្គាដេន ដែលវិនិយោគលើគម្រោងផ្ទះល្វែង នៅខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយសារតម្រូវការលំនៅដ្ឋាននៅខេត្តព្រះសីហនុនេះ បន្តកើនឡើងឥតឈប់ឈរ ហេតុនេះហើយបានជាក្រុមហ៊ុនលោក សម្រេចចិត្តវិយោគលើគម្រោងលំនៅដ្ឋានមួយគម្រោងទៀត ដើម្បីឆ្លើយតបនិងទីផ្សារក្នុងខេត្តព្រះសីហនុនេះ។
ថ្លែងក្នុងកម្មវិធីសម្ពោធគម្រោងB នៃបុរីឡឺសិន ដឹឡោតហ្គាដេន លោកបានឲ្យដឹងថា ក្នុងគម្រោងA ប្រភេទផ្ទះល្វែង លក់បានប្រមាណ៨៥% ហើយលោករំពឹងថា គម្រោងBនេះ ការលក់នឹងបន្តកើនឡើង។ គម្រោងលំនៅដ្ឋានប្រណិតស្ថិតនៅក្រុងព្រះសីហនុនេះ គឺជាវិនិយោគរួមគ្នា រវាងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនចិនផងដែរ៕