(ភ្នំពេញ)៖ វាគ្មិនល្បីៗចំនួន១៥រូប បានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួន ដល់សិស្សនិស្សិតជាង១ពាន់នាក់ ក្នុងកម្មវិធីវោហាស័ព្ទសាធារណៈ Ignite លើកទី៥ នៅសហសាលសម្តេចតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

កម្មវិធីនេះដែលបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ចាប់ពីម៉ោង១៖០០នាទីរសៀល ដល់ម៉ោង៥៖០០នាទីរសៀល ដែលក្នុងនោះមានវត្តមានវាគ្មិនល្បីៗចំនួន១៥រូប ដែលចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួន ទៅកាន់យុវជនដែលត្រូវការនូវបទពិសោធន៍ថ្មីៗ ក្នុងការអភិវឌ្ឍខ្លួនឲ្យទទួលបានជោគជ័យ។

លោក ជា សុខហ៊ី អ្នកដឹកនាំក្រុមយុវជនស្ម័គ្រចិត្តបង្កើតកម្មវិធីវោហាស័ព្ទសាធារណៈ Ignite បានឲ្យដឹងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាព នៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឲ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់ អាចឡើងនិយាយពីគំនិតរបស់ខ្លួន ដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។ ប្រធានបទក្នុងកម្មវិធីនេះ គឺមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឹកចិត្ត ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។

ចំពោះ Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយ Ignite Cambodia ដែលជាយុវជនស្ម័គ្រចិត្តមួយក្រុម មានសមាជិកក្រុមចំនួន៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុមផងដែរ ហើយលើសពីនេះទៅទៀតនោះចំណុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺវាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ៥នាទី និងស្លាយ(Slide)ចំនួន ២០៕