(ព្រះវិហារ)៖ តារាចម្រៀងរ៉េបល្បីឈ្មោះក្នុងស្រទាប់យុវវ័យ វណ្ណដា បន្ទាប់ពីបានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការចេញអាល់ប៊ុមជាលើកដំបូងរបស់ខ្លួន បានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា SKULL CHARITY សម្រាប់ជួយដល់គ្រួសារដែលកំពុងមានជីវភាពលំបាក។

កម្មវិធីសប្បុរសធម៌ SKULL CHARITY បង្កើតឡើងក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនិងមានជីវភាពក្រីក្រចំនួន ៨៣គ្រួសារ នូវសម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួន នៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារដោយមានការអនុញ្ញាតពីលោកឯកឧត្តមអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ និងមានការចូលរួមពីលោកអភិបាលក្រុងខេត្តព្រះវិហារ ឯកឧត្តម ប៉ុក ងួន, លោកប្រធានមន្ទីរទេសចរណ៍ ឯកឧត្តម គង់ វិបុល និង លោក សំ សុ ខេម តំណាងឱ្យក្រុមគ្រួសារ លីហ៊ួត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅភោជនីយដ្ឋាន លីហួត។

លោក វណ្ណ ដា លើកឡើងថា៖ «មូលហេតុដែលខ្ញុំជ្រើសរើសយកខេត្តព្រះវិហារ ដើម្បីប្រារព្ធនូវកម្មវិធីនេះ គឺដោយសារតែខ្ញុំធ្លាប់ធ្វើដំណើរកំសាន្តមកលេងខេត្តព្រះវិហារ ហើយក៏បានសរសេរចម្រៀងមួយបទនៅទីនេះ។ វាជាអនុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាន មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំស្រឡាញ់នូវស្នាមញញឹមនិងភាពរួសរាយរាក់ទាក់ របស់បងប្អូនដែលរស់នៅទីនេះខ្លាំងណាស់ ដែលជាហេតុជម្រុញឱ្យខ្ញុំចង់មកទីនេះម្ដងទៀត។ បន្ទាប់ពីខ្ញុំបានចេញនូវអាល់ប៊ុម skull រួចរាល់ ហើយទទួលបានជោគជ័យ ខ្ញុំក៏មានគំនិតចង់បង្កើតនូវកម្មវិធីសប្បុរសធម៌នេះឡើង ដើម្បីចូលរួមជាចំណែកតូចមួយនៃកិច្ចការងាររបស់សង្គម ដូចជាការចែកជូននូវអំណោយបន្តិចបន្តួច ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះជាដើម»

គួរបញ្ជាក់ថាកម្មវិធី SKULL CHARITY មានការចូលរួមគាំទ្រពី Budweiser និង Tiger Sugar ដោយមានដៃគូរសហការគឺ Baramey Production និងការសម្របសម្រួលពីខាង Lyhout ផងដែរ។ តារាចំរៀងរ៉េប វណ្ណដា បានបរិច្ចាគថវិកា 25% នៃការលក់អាវ SKULL សម្រាប់កម្មវិធីសប្បុរសធម៌នេះផងដែរ។
ជាពិសេស Budweiser បានសម្រេចចិត្តធ្វើការបរិច្ជាគថវិកា៤០០០រៀលក្នុង១កេសនៃស្រាបៀ Budweiser ព្រមទាំងទទួលបានការបរិច្ចាគពីខាង Tiger Sugar ចំនួន20% នៃការលក់សរុបចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ពីគ្រប់សាខាផងដែរ៕