(ចិន)៖ ក្រសួងអប់រំរបស់ចិន បានចេញបំរាមហាមឃាត់ ក្មេងៗក្នុងការនាំយកទូរស័ព្ទដៃចូលទៅក្នុងសាលា ឬថ្នាក់រៀន ដែលច្បាប់ថ្មីនេះ ត្រូវ បាន ធ្វើឡើងដើម្បីជួយការងារ ភ្នែក ការពារការញៀនអ៊ីនធើណែត និងជួយឱ្យពួកគេផ្ដោតអារម្មណ៍លើការរៀនសូត្រ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

តាមការបញ្ជាក់ពីក្រសួងអប់រំចិនបានឱ្យដឹងថា សាលារៀនទាំងអស់ត្រូវប្រើប្រាស់វិធីផ្សេងៗដើម្បីទាក់ទងទៅកាន់ឪពុកម្ដាយ ឬអាណាព្យាបាល សិស្ស ដោយក្នុងនោះដាច់ខាតមិនអនុញ្ញាតឱ្យក្មេងៗប្រើប្រាស់ទូរស័ព្ទដៃឡើយ លើកលែងតែមានករណីពិសេស ណាមួយ ដោយមានការយល់ព្រមពីឪពុកម្ដាយសិស្ស និងសាលា។

ការកំណត់ច្បាប់ថ្មីនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលត្រូវលើកមកជជែងវែកញែករវាង ឪពុកម្ដាយសិស្ស និង ខាងសាលារៀន ខណៈ ដែល របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា ក្មេងៗអាយុក្រោម ១៨ឆ្នាំប្រមាណ ៧៤ភាគរយ បានប្រើប្រាស់អ៊ីនធើណែតតាមរយៈ ទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ពួកគេ។

ក្រសួងបានយល់ឃើញថា ការប្រើប្រាស់អ៊ីនធើណែតរបស់ក្មេងៗនាពេលបច្ចុប្បន្នអាចបង្កជាបញ្ហា និងជះឥទ្ធិពលដល់សុខភាព របស់ ពួកគេ ដូច្នេះហើយទើបក្រសួងសម្រេចដាក់ចេញវិធានការនេះ៕