(បាត់ដំបង)៖ កន្លងមកនិស្សិតភាគច្រើន បានជួបប្រទះការលំបាក ក្នុងការស្វែងរកឳកាសការងារធ្វើ ដោយសារតែពួកគាត់ មិនមានបទពិសោធន៍គ្រប់គ្រាន់ ជួបការលំបាកក្នុងការស្វែងរកឳកាស ហ្វឺក ហាត់ការងារជាដើម ដោយសារតែមើលឃើញពីការលំបាក របស់និស្សិតបែបនេះហើយ ទើប លោក ហ៊ូ ប៊ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានក្រុមបច្ចេកទេស កិច្ចការអភិវឌ្ឍន៍ជំនួញ ក្រុមហ៊ុន Safe & Hygiene Co.,ltd បានបង្កើតក្រុមហ៊ុនឡើង ដើម្បីផ្តល់ឱកាសការងារ ឲ្យនិស្សិតបានសិក្សាស្វែងយល់ពីការងារ ហើយលោកនឹងធ្វើការបង្ហាត់បង្រៀន និងជម្រុញឲ្យនិស្សិតចេះបង្កើតការងារធ្វើដោយខ្លួនឯង កុំរំពឹងថារៀនដើម្បីស្វែងរកការងារ។
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ លោក ហ៊ូ ប៊ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានក្រុមបច្ចេកទេស កិច្ចការអភិវឌ្ឍន៍ជំនួញ ក្រុមហ៊ុន Safe & Hygiene Co.,ltd បានដឹកនាំក្រុមការងារ ចុះទស្សនៈកិច្ច សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងគោលបំណងចុះ MOU ជាមួយសាកលវិទ្យាល័យនិងដើម្បីស្វែងយល់ពីការលំបាក ក្នុងការស្វែងរកការងាររបស់និស្សិត និងធ្វើការចែករំលែក បទពិសោធន៍ទៅដល់និស្សិត ។
លោក ហ៊ូ ប៊ុណ្ណា បានមានប្រសាសន៍ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃ ការយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយលោក សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង ថា អ្វីដែលលោកចង់ធ្វើការចែករំលែក និងបង្រៀនទៅដល់និស្សិតជំនាន់ក្រោយគឺ មានពាក្យមួយដែលលោកតែងតែប្រើបង្ហាញផ្លូវ ទៅដល់អ្នកពិបាកស្វែងរកការងារ ថា «បើពិបាកស្វែងរកការងារ ហេតុអីមិនបង្កើតវាដោយខ្លួនឯង?» ហើយលោកនិងបង្រៀនប្រាប់ពីវិធីនេះទៅដល់និស្សិត ដែលត្រូវការឲ្យលោកបង្ហាញផ្លូវ ព្រោះថាគិតមកដល់ពេលនេះ អាចនិយាយបានថា លោកមានបទពិសោធន៍ច្រើនក្នុងការធ្វើជំនួញ ទាំងក្នុងនិងក្រៅប្រទេស ដូច្នេះលោករីករាយក្នុងការចែករំលែក ទៅដល់និស្សិតជំនាន់ក្រោយ ហើយមួយទៀត លោកក៏ស្វាគមន៍សម្រាប់ អ្នកដែលចង់ ធ្វើជាដៃគូរសហការជាមួយក្រុមហ៊ុន ក៏ដូចជា Franchises ទៅដល់អ្នកដែលមានដើមទុន ហើយចង់ធ្វើជំនួញនេះ អាចទាក់ទងមកលោក ដើម្បីសិក្សាស្វែងយល់បន្ថែមបាន ។
លោកបន្តទៀតថា សម្រាប់និស្សិតដែលកំពុងបន្តការសិក្សា នៅសាកលវិទ្យាល័យ ឫក៏បានបញ្ចប់ការសិក្សាទៅហើយ ក៏អាចមកក្រុមហ៊ុនរបស់លោកទាំងអស់ ដើម្បីសិក្សារៀនសូត្រពីការងារបាន ហើយលោកជឿជាក់ថា ប្រសិនបើនិស្សិតមានឆន្ទះ ចង់ស្វែងយល់ពីការងារ និងចង់បង្កើតការងារធ្វើដោយខ្លួនឯង គឺអាចមកជួបលោក ហាត់ការ និងចុះកម្មសិក្សានៅក្រុមហ៊ុនរបស់លោក មានដូចជា ៖ក្រុមហ៊ុន Safe & Hygiene Co.,ltd, ក្រុមហ៊ុន CJCT Building Renovation, និងក្រុមហ៊ុនមួយចំនួនទៀត។ គោលបំណងចំបងរបស់លោក បង្កើតក្រុមហ៊ុនបន្តបន្ទាប់ ព្រោះតែចង់ផ្តល់ឱកាសការងារដល់សិស្សនិស្សិត ដើម្បីចូលរួមចំណែក ជួយសេដ្ឋកិច្ចជាតិ ជួយឲ្យកូនខ្មែរមានការងារល្អ មានប្រាក់ចំណូលសមរម្យ កាត់បន្ថយចំណាកស្រុក កាត់បន្ថយភាពក្រីក្រ ហើយអ្វីដែលពិសេសគឺបានរៀនសូត្រ និងធ្វើការនៅក្រុមហ៊ុនដែលផ្តល់ភាពកក់ក្តៅ ដូចជាក្រុមហ៊ុនខ្លួនឯង។
ដោយឡែក លោក សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង បានមានប្រសាសន៍ឆ្លើយតបទៅ លោក ហ៊ូ ប៊ុណ្ណា លោកពិតជារីករាយសម្រាប់ការផ្តល់ឱកាសដល់និស្សិតដែលកំពុងបន្តការសិក្សា និងបានបញ្ចប់ការងារសិក្សា នៅសាកលវិទ្យារបស់លោក ហើយលោកនឹងនាំយកព័ត៌មានមួយនេះ ទៅចែករំលែកដល់និស្សិត ។
សូមជម្រាបថា លោក ហ៊ូ ប៊ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានក្រុមបច្ចេកទេស កិច្ចការអភិវឌ្ឍន៍ ជំនួញ ក្រុមហ៊ុន Safe & Hygiene Co.,ltd បានបង្កើតក្រុមហ៊ុន តាំងពីអំឡុងឆ្នាំ ២០០៥ មកម្ល៉េះ ដោយក្រុមហ៊ុនដំបូង គឺ ក្រុមហ៊ុន X-Service , ក្រុមហ៊ុន Safe & Hygiene Co.,ltd , ក្រុមហ៊ុន CJCT Building Renovation , និងក្រុមហ៊ុនមួយចំនួនទៀត ។ ហើយលោកមានបទពិសោធន៍ការងារទាក់ទងជំនួញទាំងក្នុង និងក្រៅប្រទេស ជាច្រើនឆ្នាំ លោកមានទំនាក់ទំនងល្អក្នុងវិស័យជំនួញ លក្ខណៈអន្តរជាតិ ហើយកាន់តែពិសេសទៀតលោកក៏ជា ទីប្រឹក្សាខាងផ្នែកជំនួញយ៉ាងជំនាញ ហើយមានក្រុមហ៊ុនធំៗជាច្រើនបានទាក់ទងឲ្យលោក ធ្វើជាទីប្រឹក្សាទាំងរយៈពេលខ្លី និងវែងផងដែរ៕