(គែរ)៖ អាជ្ញាធរបាននិយាយថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះនៅថ្ងៃចន្ទនេះ នៅអគារប៉ូលីសនៅភាគឦសានប្រទេសអេហ្ស៊ីប ដោយបានបង្កឱ្យមនុស្សយ៉ាងតិច ៣៨ នាក់រងរបួស មុនពេលក្រុមអ្នកពន្លត់អគ្គីភ័យអាចពន្លត់ភ្លើងបានប៉ុន្មានម៉ោងក្រោយមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
មន្ត្រីមកពីកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប និងអាជ្ញាធរព្រែកជីក Suez ក៏បានចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ និងជួយសង្គ្រោះនៅទីស្នាក់ការកណ្តាល នៃនាយកដ្ឋានសន្តិសុខ Ismailia ភាគឦសាននៃទីក្រុងគែរផងដែរ។
ក្រុមមន្ត្រីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងក្នុងការពន្លត់អគ្គីភ័យកំពុងដំណើរការ។ ក្រសួងសុខាភិបាល បានបង្កើនការត្រៀមលក្ខណៈនៅតាមមន្ទីរពេទ្យក្នុងខេត្ត Ismailia ដើម្បីទទួលអ្នករបួស។
លោក Hossam Abdel Ghaffar អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា រថយន្តសង្គ្រោះចំនួន ៥០ គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mahmoud Tawfik បាននិយាយថា គណៈកម្មការមួយនឹងត្រូវបានបង្កើតឡើង ដើម្បីពិនិត្យមើលមូលហេតុនៃការឆេះ និងពិនិត្យមើលសុវត្ថិភាពសំណង់នៃអគារ «ដើម្បីស្តារប្រសិទ្ធភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា ឧប្បត្តិហេតុ Ismailia នេះគឺជាភ្លើងដ៏ធំចុងក្រោយបំផុត ដែលបានវាយប្រហារអេហ្ស៊ីប។ ភ្លើងឆេះព្រះវិហារមួយ កាលពីខែសីហា ឆ្នាំ២០២២ បានសម្លាប់មនុស្សយ៉ាងតិច ៤១ នាក់៕
រូបភាពពី AFP