(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងត្រូវទទួលការវះកាត់ជំងឺក្លន ចំពេលដែលលោកកំពុងដឹកនាំ ការធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានឱ្យដឹងថាកាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ អំឡុងការត្រួតពិនិត្យ សុខភាពជាប្រចាំ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានក្រុមគ្រូពេទ្យរកឃើញថាកើតជំងឺក្លន។ តាមសេចក្ដីថ្លែងការណ៍នេះដដែល នាយករដ្ឋមន្ត្រីវ័យ៧៤ឆ្នាំរូបនេះ នឹងត្រូវទទួលវះកាត់ដោយចាក់ថ្នាំស្ពឹក នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា (ម៉ោងនៅអ៉ីស្រាអែល)។

គួរបញ្ជាក់ថា បើតាមការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល អាការៈជំងឺរបស់លោក ណេនតាន់យ៉ាហ៊ូ មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ រីឯលោក ណេតាន់យ៉ាហ៊ូផ្ទាល់ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាលោកនឹងត្រឡប់ទៅធ្វើការវិញឆាប់ៗ៕