(កោះកុង)៖ លោកស្រី អែម សុធារ៉ា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

ថ្លែងក្នុងឱកាសនោះ លោក ឌិត ទីណា បានសម្តែងនូវការសាទរ និងក្តីសោមនស្សរីករាយ ក្នុងការចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសនាថ្ងៃនេះ​។ លោកបានគូសបញ្ជាក់ថា វិស័យកសិកម្ម មានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការពីថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ ឲ្យមានភាពស្របគ្នា​ មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា ផ្នែកវិសកសិកម្ម ឲ្យភាពរីកចម្រើន និងផាសុខភាព ផ្នែកចំពោះផលដំណាំកសិកម្មរបស់ប្រជាកសិករ។

លោក ឌិត ទីណា បានណែនាំប្រធានមន្ទីរដែលទើបប្រកាសចូលកាន់តំណែង ត្រូវមានស្មារតីយកចិត្តទុក​ក្នុងការ​ងារ​ មានទំនួលខុសត្រូវខ្ពស់​ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាជន​ ដោយត្រូវធ្វើការតាមខ្សែបណ្តោយ​ ផ្តល់ផលប្រយោជន៍ដល់អង្គភាព​ និងផ្តល់ផលចំណេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព​គ្នា និងប្រសិទ្ធភាពការងារ។

លោករដ្ឋមន្ដ្រី បានរំលឹកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ ក្នុងការធានាឲ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ​មានហូប​ មានប្រើមានបាន​ និងមានរហូត​។ ជាគោលនយោបាយដែលប្រធានមន្ទីរកសិកម្ម​ ​ត្រូវស្វែងយល់​យកចិត្តទុកដាក់​ និងកំណត់អាទិភាពឲ្យចំគោលដៅ​ និងអនុវត្តឲ្យមានប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់។ ចំពោះផលដំណាំកសិកម្មដែលប្រជាកសិករទទួលផលបានច្រើន ត្រូវចេះរកទីផ្សារជូនគាត់ ហើយក្នុងនាមជាមន្ត្រីកសិកម្ម ត្រូវចុះណែនាំប្រជាកសិករឲ្យបានញឹកញាប់ និងធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយផ្នែកវិស័យកសិកម្ម ការដាំដុះដើម្បីទទួលបានទិន្នផលល្អ និងទិន្នផលខ្ពស់។

ជាមួយគ្នានេះ លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម ទើបប្រកាសចូលកាន់មុខតំណែង បានធ្វើការប្តេជ្ញាចិត្តថា លោកស្រី រួមនិងមន្ត្រីក្រោមឱវាទ នឹងខិតខំអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំឲ្យអស់ពីសមត្ថភាព ដើម្បីលើកស្ទួយផ្នែកវិស័យកសិកម្ម និងប្រជាកសិករដែលមានអាជីវកម្មផ្នែកកសិកម្ម និងធ្វើការផ្សព្វផ្សាយ នៅតាមមូលដ្ឋានឲ្យបានទូលំទូលាយក្នុងដាំដុះ។ សហការគ្នាជាមួយមន្ត្រីក្រោមឱវាទរក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំ សាមគ្គីគ្នាមានក្រមសីលធម៌ ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ៕