(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទ ទាក់ទងទៅនឹងការសាងសង់អគារចំនួន០២ ទីតាំង នៅក្នុងខេត្តព្រះសីហនុ ដែលមានជនជាតិចិន បានចុះកិច្ចសន្យាសាងសង់គម្រោង ខុនដូចំនួន០២ កម្ពស់ ៣១ជាន់ ជាមួយក្រុមហ៊ុន ម៉ៅការសាងសង់ជាជនជាតិខ្មែរ ប៉ុន្តែពេលដែលអគារខុនដូរចំនួន ០២ បានសាងសង់រួចរាល់ហើយ ស្រាប់តែភាគីចិនបែរជាមិនទូទាត់លុយចុងបញ្ចប់ ឲ្យភាគី ក្រុមហ៊ុនម៉ៅការ ក្រោមការ សម្របសម្រួលរបស់រដ្ឋបាលខេត្ត ភាគីជនជាតិចិន ជាកូនបំណុលប្រកាន់ជំហរតឹងរឹងមិនព្រមសម្របសម្រួល ទើបចុងក្រោយតុលាការសម្រេចអនុវត្តសាលដីកា ចាត់ចែងជាបណ្តោះអាសន្នតែម្តង ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ជូន តាមរយៈអង្គហេតុថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុន ស៊ីងសាវ៉ាន មេនសិន រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន ឯ.ក (XINGSHAWAN MANSION REAL ESTATE DEVELOPMENT CO., LTD) ដែលមានសហកូនបំណុលឈ្មោះ GU ZUCHENG ឈ្មោះ QIN TONG ឈ្មោះ JIANG PENGCHENG និងឈ្មោះ ជៃ ហួមីង (CHI HUIMING) បានចុះកិច្ចសន្យាសាងសង់គម្រោង ស៊ីងសាវ៉ាន មេនសិន (XINGSHAWAN MANSION) (ខុនដូ) ជាមួយក្រុមហ៊ុនទទួលម៉ៅការសាងសង់សំណង់ ក្រុមហ៊ុន ឈួនរិន ខនស្រ្តាក់សិន អេន ដេខ័ររេសិន អេនជីនារីង (ខេមបូឌា) ឯ.ក (Chuanren Construction and Decoration Engineering Co., Ltd) ជាក្រុមហ៊ុនរបស់ម្ចាស់បំណុល។ ដោយការសាងសង់គម្រោង ស៊ីងសាវ៉ាន មេនសិន នេះ គឺសង់សំណង់នៅលើដីរបស់ក្រុមហ៊ុន ស៊ីងសាវ៉ាន មេនសិន រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន ឯ.ក លើដីឡូតិ៍ទំហំ ២៨៩៩ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០១០៤០៤-០៤២៥ ហើយទំហំដែលត្រូវសាងសង់មានផ្ទៃក្រឡាសរុបចំនួន ៤០៤២២ ម៉ែត្រការ៉េ ក្នុង ១ម៉ែត្រការ៉េ តម្លៃចំនួន ៣៥៣$ (បីរយហាសិបបីដុល្លារអាមេរិក) កំពស់៣១ជាន់ គិតជាតម្លៃសរុបចំនួន ១៤,៩៧៩,៦៦៥$ (ដប់បួនលានកៅសិបប្រាំពីរម៉ឺនប្រាំបួនពាន់ប្រាំមួយរយហុកសិបប្រាំដុល្លារអាមេរិក) (ដូចមានចែងក្នុងចំនុចទី៥ (V) នៃកិច្ចសន្យាសាងសង់គម្រោងសាងសង់ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩) មានទីតាំងស្ថិតនៅផ្លូវ៣០១ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជាមួយគ្នានោះដែរ នៅកំឡុងពេលសាងសង់សំណង់ក្រុមហ៊ុន ស៊ីងសាវ៉ាន មេនសិន រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន ឯ.ក បានលួងលោមម្ចាស់បំណុលអោយសាងសង់បន្ថែមចំនួន ៤ជាន់ទៅលើបន្ថែមទៀត នៅពីលើជាន់ទី៣១ រហូតដល់មានជាន់ទី៣៥ គឺមានផ្ទៃក្រឡាសរុបទំហំ ១០៤៤៣.៩៦ ម៉ែត្រការ៉េ ហើយការសាង់សង់បន្ថែម ៤ជាន់ពីលើនេះ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពររួចរាល់ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២០ ហើយទឹកប្រាក់ដែលត្រូវទូទាត់ចុងក្រោយមកឲ្យក្រុមហ៊ុនម្ចាស់បំណុលមានចំនួនសរុប ៣,៦៨៦,៧១៧.៨៨$ (បីលានហុកសិបប្រាំបីម៉ឺនប្រាំមួយពាន់ប្រាំពីររយដប់ប្រាំពីរដុល្លារ និងប៉ែតសិបប្រាំបីសេន) ។
មកទល់ពេលបច្ចុប្បន្នក្រុមហ៊ុន ស៊ីងសាវ៉ាន មេនសិន រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន ឯ.ក ដែលមានសហកូនបំណុលឈ្មោះ GU ZUCHENG ឈ្មោះ QIN TONG ឈ្មោះ JIANG PENGCHENG និងឈ្មោះ ជៃ ហួមីង (CHI HUIMING) ពុំទាន់ទូទាត់ប្រាក់ចុងក្រោយចំនួន ៣,៦៨៦,៧១៧.៨៨$ (បីលានហុកសិបប្រាំបីម៉ឺនប្រាំមួយពាន់ប្រាំពីររយដប់ប្រាំពីរដុល្លារ និងប៉ែតសិបប្រាំបីសេន) មកឲ្យម្ចាស់បំណុលនោះទេ។ ថែមទាំងគេចវេសពីម្ចាស់បំណុល ពេលម្ចាស់បំណុលទៅជួបសហកូនបំណុលផ្ទាល់ដើម្បីអោយដោះស្រាយរឿងទូទាត់ប្រាក់ចុងក្រោយនេះ ក៏ត្រូវបានសហកូនបំណុលឈ្មោះក្រុមហ៊ុន ស៊ីងសាវ៉ាន មេនសិន រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន ឯ.ក ដេញម្ចាស់បំណុលចេញពីក្រុមហ៊ុនដែរ។ ចំពោះទង្វើរកន្លងមករបស់ក្រុមហ៊ុន ស៊ីងសាវ៉ាន មេនសិន រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន ឯ.ក ដែលមានសហកូនបំណុលឈ្មោះ GU ZUCHENG ឈ្មោះ QIN TONG ឈ្មោះ JIANG PENGCHENG និងឈ្មោះ ជៃ ហួមីង (CHI HUIMING) បានធ្វើឲ្យម្ចាស់បំណុលខាតបង់ពេលវេលា និងផលប្រយោជន៏យ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើម្ចាស់បំណុលកើតទុក្ខមិនសុខចិត្ត ប្តឹងរឹបអូសជាបណ្តោះអាសន្នលើអចលនទ្រព្យជាខុនដូ គម្រោងទី១ និងគម្រោងទី២របស់ក្រុមហ៊ុនសហកូនបំណុល។ ហើយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ០៥៦ “ដ”ដ.ស.រ ដោយតម្រូវឲ្យ លោកចៅសង្កាត់លេខ៤ ចុះអនុវត្តតាមអំណាចនៃដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ០៩ព្រឹក ដោយហាមឃាត់សហកូនបំណុលខាងលើ មិនឲ្យលក់ ដូរ ជួល បញ្ចាំ ហ៊ីប៉ូតែក ធ្វើអំណោយ លើអចលនទ្រព្យជាអគារខុនដូរ គម្រោងទី១ និងគម្រោងទី២ បន្តទៀតឡើយ ដោយរង់ចាំការសម្រេចសេចក្តី ក្នុងរឿងអង្គសេចក្តីចូលជាស្ថាពរជាមុន សិន។ ដោយសេចក្តីសម្រេចបញ្ចប់មានខ្លឹមសារថា ៖
*. រឹបអូសជាបណ្តោះអាសន្ននូវអចលនវត្ថុដូចខាងក្រោម៖
១.១. អគារខុនដូ គម្រោងទី១ ក្រុមហ៊ុន ស៊ីងសាវ៉ាន មេនសិន រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន ឯ.ក (XINGSHAWAN MANSION REAL ESTATE DEVELOPMENT CO., LTD) មានទីតាំងស្ថិតនៅផ្លូវ៣០១ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
១.២. អគារខុនដូ គម្រោងទី២ ក្រុមហ៊ុន ស៊ីងសាវ៉ាន មេនសិន រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន ឯ.ក (XINGSHAWAN MANSION REAL ESTATE DEVELOPMENT CO., LTD) មានទីតាំងស្ថិតនៅផ្លូវ២៣តុលា ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕