(ពិភពលោក)៖ នៅថ្ងៃទី២២ ខែមីនានេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង ចង់ដឹងថាតើព្រឹត្តិការណ៍នៃរូបភាពសំខាន់ៗមានអ្វីខ្លះ សូមទស្សនារូបភាពនានាដូចខាងក្រោម៖ ១៖ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក ព្រមានប្រើប្រាស់កម្លំាងយោធា លើទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះ កូរ៉េខាងជើង ជាថ្មីម្ដងទៀត បានបាញ់មីស៊ីល ជាច្រើនគ្រាប់ពីតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Wonsan។ ប៉ុន្តែយោធាកូរ៉េខាងត្បូង បានអះអាងថា ការបាញ់សាកល្បងនេះបានទទួលបរាជ័យ។
២៖ ទីក្រុងសិង្ហបុរី បានជាប់លេខរៀងទី០១ នៅក្នុងបញ្ជីឈ្មោះទីក្រុងទំាង១០ ដែលប្រជាជនត្រូវចំណាយលើការចាយវាយខ្ពស់បំផុតនៅលើពិភពលោក តាមពីក្រោយដោយទីក្រុងហុងកុង ដែលឈរនៅលេខរៀងទី០២ និងតូក្យូលេខ០៣។
៣៖ អាជ្ញាធរពន្ធគយចិន បានឃាត់ខ្លួនបុរសវ័យក្មេងម្នាក់ នៅពេលកំពុងព្យាយាមរត់ពន្ធដោយលាក់ពេជ្រច្រើនជាង ១,០០០គ្រាប់ នៅក្នុងស្បែកជើងពី ទីក្រុង Hong Kong ចូលទៅក្នុងទីក្រុង Shenzhen។
៤៖ ក្រោយលេចលឺព័ត៌មានថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសណាតូ នៅខែមេសា សេតវិមានកាលពីថ្ងៃអង្គារ បានបញ្ជាក់ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទៅចូលរួមកិច្ចប្រជុំនៃមេដឹកនាំរបស់អង្គការណាតូ (NATO) នៅថ្ងៃទី២៥ ខែឧសភា ក្នុងទីក្រុងព្រុចសែល ខណៈមេដឹកនាំអឺរ៉ុបកំពុងព្រួយបារម្ភខា្លចក្រែងទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មសេដ្ឋកិច្ចពីរុស្ស៊ី។
៥៖ បើទោះជាដឹងហើយថាបងធំរបស់ស៊ីរី គឺរុស្ស៊ីក៏ដោយ ក៏នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ នៅតែបញ្ជាក់ប្រាប់លោក វ្ល៉ាឌីមៀ ពូទីនថាកងកម្លាំងអ៊ីស្រាអែលនឹងបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសស៊ីរី បើសិនជាវាជារឿងចាំបាច់ត្រូវតែធ្វើ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន យន្ដហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿង បានបើកការវាយប្រហារលើក្បួនរថយន្ដ ដឹកអាវុធរបស់ក្រុមឧទ្ទាមហេសប៊ូលឡា នៅក្បែរទីក្រុង Palmyra ក៏ប៉ុន្តែយោធាស៊ីរី អះអាងថាយន្ដហោះចម្បាំងអ៊ីស្រាអែលមួយគ្រឿងត្រូវបានបាញ់ទម្លាក់។
៦៖ បុរសកូរ៉េខាងជើងម្នាក់ស្ថិតនៅក្នុងចំណោមជនសង្ស័យ ទាក់ទិននឹងករណីឃាតកម្មលើលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ឈ្មោះ Ri Ji-hyon គឺជាកូនប្រុសរបស់អតីតអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសវៀតណាម លោក Ri Hong ។ មិនតែ ប៉ុណ្ណោះ Ri Ji-hyon ក៏ត្រូវបានគេសង្ស័យផងដែរថា បានចូលរួមជាមួយជនសង្ស័យជាច្រើនទៀត ក្នុងការបញ្ចុះបញ្ចូល និងបណ្ដុះបណ្ដាលស្រ្តីជាជនជាតិ វៀតណាម ឈ្មោះ Doan Thi Huong និងនាង Siti Aisyah ជាជនជាតិឥណ្ឌូនេស៊ី នៅលើទឹកដីកម្ពុជា មុននឹងធ្វើប្រតិបត្តិការសម្លាប់លោក គីម ជុងណាំ នៅទីក្រុងគូឡាឡាំពួ។
៧៖ ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានផ្ដាច់យកជីវិត មនុស្សយ៉ាងតិចចំនួន ៣៣នាក់ នៅសាលារៀន មួយកន្លែង ដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលសម្រាប់ជនគ្មានទីជ្រកកោនស្នាក់អាស្រ័យ នៅក្បែរទីក្រុង Raqa ដែលកំពុងស្ថិតក្រោមគ្រប់គ្រងរបស់ ក្រុមសកម្មប្រយុទ្ធISIS៕