(ភ្នំពេញ)៖ ពិធីករតាមកញ្ចក់ទូរទស្សន៍ ដែលមានវោហារដ៏មានទឹកដមលោក អ៊ិត សេដ្ឋា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ក្រោយធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ដួលសន្លប់បាត់ស្មារតី ដែលខណៈនេះ ស្របពេលស្ថានភាព រស់នៅកំពុងជួបការលំបាក ស្ថានភាពជំងឺកំពុងធ្ងន់ធ្ងរខ្លាំងណាស់។ នេះបើតាមលោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ អគ្គនាយក ស្ថានីយ៍ទូរទស្សន៍ CTN បញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកតា វិចទ័រ បានបញ្ជាក់យ៉ាងដូច្នេះថា «គាត់ឈឺយូរហើយ តែទើបថ្ងៃហ្នឹងម៉ោង១០ ខ្ញុំទៅសាកសួរសុខទុក្ខគាត់ ស្ថានភាពជំងឺគាត់ ប្រែប្រួលខ្លាំងមែនទែន រហូតដល់ដំណាក់កាលនេះ បានបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់នេះ ហើយឥឡូវនេះ ក្រុមគ្រូពេទ្យកំពុងយកចិត្តទុក ដាក់ក្នុងការតាមដានស្ថានភាពជំងឺ អាការៈជំងឺរបស់គាត់ញ័រដៃជើង អស់កម្លាំង ភ្នែកគាត់ឡើងពណ៌លឿន»

ជាការយកចិត្តទុកដាក់ ក្រោយទទួលបានដំណឹងនេះហើយ លោក ហ៊ុន ម៉ាណែត និងលោកស្រី បានឧត្ថម្ភថវិកាផ្ទាល់ខ្លួនតាមរយៈ ក្រុមការងារស្ម័គ្រចិត្ត សម្ដេចតេជោ (TIDA) ចំនួន ២០លានរៀល ជូនដល់សិល្បកររូបនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកតា វិចទ័រ។

លោកអគ្គនាយកបានបន្តថា ក្រៅពីការឧបត្ថម្ភថវិការបស់លោក ហ៊ុន ម៉ាណែត ក៏មានសប្បុរសជនដទៃទៀត បានទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ផងដែរ។

លោក អ៊ិត សេដ្ឋា ជាពិធីករដ៏ល្បីឈ្មោះប្រចាំប៉ុស្តិ៍ទូរទស្សន៍ CTN ដែលមានទឹកដមសំឡេងផ្អែមពិរោះ ខណៈកំពុងធ្លាក់ខ្លួនឈឺដូចនេះ លោកក៏នឹងត្រៀមឡើងកម្មវិធី «មន្តស្នេហ៍សំនៀង» របស់ស្ថានីយទូរទស្សន៍ CTN ដែលនាំឲ្យមានការភ្ញាក់ផ្ញើលពីសាធារណជន យ៉ាងខ្លាំង៕