(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលបានរកឃើញថា ប្រេងឥន្ធនៈដែលមានឈ្មោះថា «PAPA» បានលក់ប្រេងមិនគ្រប់ចំណុះទៅតាមកុងទ័រ ហើយថែមទាំងយកប្រេងធម្មតាទៅលក់បន្លំធ្វើប្រេងស៊ុបពែរថែមទៀតផង។ ស្ថានីយប្រេងឥន្ធនៈ «PAPA» ដែលមន្រ្តីកាំងកុងត្រូលរកឃើញថា លក់មិនត្រឹមត្រូវជូនអតិថិជននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ខណ្ឌច្បារចំពៅ។
លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ និងមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីពិសោធន៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលមានទីតាំងនៅផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បាអំពៅ។ ការចុះពិនិត្យនេះ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។
លោក គឿន ភិរុណ បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្នែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
បើតាមលោក គឿន ភិរុណ តាមរយៈការចុះពិនិត្យស្ថានីយប្រេងនោះ បានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈចំនួនពីរ ស្ថានីយប្រេង TELA (សាគ្រី) មិនមានអនុលោមភាពផ្នែកបរិមាណ ហើយស្ថានីយប្រេងឥន្ធនៈ PAPA (គុណម្តាយ) ក៏មានកង្វះបរិមាណប្រេងមិនឆ្លើយតបនឹងលេខកុងទ័រ ពោលគឺលក់ប្រេងមិនគ្រប់ទៅតាមចំណុះកុងទ័រនោះ។ មិនតែប៉ុណ្ណោះស្ថានីយប្រេងឥន្ធនៈ «PAPA (គុណម្តាយ)» នេះ បានលក់ប្រេងធម្មតាជាប្រេងស៊ុបពែរទៅឲ្យអ្នកប្រើប្រាស់ថែមទៀត។
ក្រោយពេលរកឃើញបែបនេះ ក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងបានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតាន៩៥ពិតបា្រកដ។
លោក គឿន ភិរុណ បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទូទាំងប្រទេស តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់។
លោក គឿន ភិរុណ បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ពោលត្រូវជ្រើសរើសក្រុមហ៊ុនមានទំនុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។
យោងតាមប្រភពពីមន្រ្តីរាជរដ្ឋាភិបាល បានឲ្យដឹងថា ក្រុមហ៊ុនប៉ាប៉ា ត្រូវបានរាជរដ្ឋាភិបាលបិទមិនឲ្យនាំចូលប្រេងតាមផ្លូវគោកនោះទេ តែអនុញ្ញាតឲ្យទិញប្រេងពីក្រុមហ៊ុនផ្សេងៗយកមកលក់បាន៕