(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៉ីម៉ាក់ បានបញ្ជាក់ថា​ ​មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរអាវុធមីគី នៃក្រសួងការពារជាតិ នឹងបើកប្រតិបត្តិការដោះគ្រាប់បែកគីមី២គ្រាប់ របស់អាមេរិក ដែលបន្សល់ទុកនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ហេង រតនា បានបញ្ជាក់ថា ប្រតិបត្តិការដោះគ្រាប់បែកគីមី ដ៏គ្រោះថ្នាក់ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក បង្កក្តីភ័យខ្លាចចំពោះប្រជាពលរដ្ឋខ្មែរនេះ នឹងត្រូវចំណាញរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំពេលដែលសិស្សានុសិស្សឈប់សម្រាក វិសមកាល។