(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានទទួលស្គាល់ថា គ្រាប់បែកគីមីដែលកំពុងមានវត្តមាននៅលើដីកម្ពុជា គឺជាគ្រាប់ដែលមានប្រភព មកពីប្រទេសខ្លួន។ តាមរយៈការទទួលស្គាល់នេះសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវលើការបោសសំអាតគ្រាប់ទាំងអស់នេះជាកំហិត។

លោក កេ ដា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិអាវុធគីមី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កាលពីឆ្នាំ២០១២កន្លងទៅ សហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានផ្ញើកំណត់ទូតមួយមកកម្ពុជា ដោយបានទទួលស្គាល់ថា គ្រាប់បែកគីមី ដែលបន្សល់ទុកលើដីកម្ពុជានាពេលបច្ចុប្បន្នេះ។

របាយការណ៍បានបង្ហាញថា ក្នុងចន្លោះទសវត្សរ៍ឆ្នាំ៦០ និង៧០ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក រួមទាំងគ្រាប់បែកគិមីផងទម្ងន់ ប្រមាណ ២លាន ៧សែនតោននៅដែនដីរបស់កម្ពុជា។ គ្រាប់បែករបស់អាមេរិកនោះ បន្តបន្សល់នៅលើផ្ទៃដីរបស់កម្ពុជាមកដល់ ពេលបច្ចុប្បន្ន តែសហរដ្ឋអាមេរិកហាក់មិនបានចូលរួមសហការឲ្យបានពេញលេញ ក្នុងការបោសសំអាតគ្រាប់ដ៏ប្រល័យទាំងអស់ នេះឡើយ។

លោក កេ ដា បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មិនទាន់បានចូលរួមចំណែកបោសសំអាតគ្រាប់បែកគីមី ដែលនីសេសសល់លើផ្ទៃដីរបស់កម្ពុជា។ តែទោះជាយ៉ាងណា លោក កេ ដា បានអះអាងថា ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញា ស្តីពីអាវុធគីមី អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីទាំងអស់នេះជាកំហិត។

លោក កេ ដា បន្តថា ប្រសិនបើអាមេរិកមិនព្រមបោសសំអាតគ្រាប់បែកគីមីនោះទេ កម្ពុជា នឹងបង្កើតគណៈកម្មការទាមទារអាមេរិកឲ្យ បោសសំអាតគ្រាប់គីមី ដែលបន្សល់នៅលើដីកម្ពុជា។

គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់ក្នុងសម័យសង្រ្គាមទសវត្សរ៍ឆ្នាំ៦០ និង៧០ មិនត្រឹមតែសម្លាប់ និងបង្កផលលំបាក ដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលពួកគេប្រតិបត្តិការនោះទេ តែគ្រាប់ទាំងអស់នេះនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ មកដល់ពេលបច្ចុប្បន្ននេះ។

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋ ៨នាក់នៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានទទួល គ្រោះថ្នាក់ដោយសារឥទ្ធិពលគ្រាប់បែកគីមីទាំងនេះ។ មកដល់ពេលនេះ ប្រជាពលរដ្ឋ ៣នាក់ ក្នុងចំណោម ៨នាក់នេះកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

បច្ចុប្បន្នគ្រាប់បែកគីមីរបស់អាមេរិកជាច្រើនគ្រាប់កំពុងបន្សល់នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនេះ ហើយអាជ្ញាធរអាវុធ គីមី និង CMAC កំពុងតែធ្វើប្រតិបត្តិការបោសសំអាតសំណល់គ្រាប់គីមីទាំងអស់នេះផងដែរ ខណៈគ្រាប់បែកគីមីមួយគ្រាប់ ត្រូវបានបោសសំអាតរួចហើយ៕