(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា មកទល់ពេលនេះ អ្នកប្រើប្រាស់គ្រឿងញៀន មានការថយចុះ ដោយចំនួនពាក់កណ្តាល នៃជនប្រើប្រាស់ថ្នាំកំពុងស្ថិតក្រោមការព្យាបាល។ បើតាមលោក មាស វិរិទ្ធ ចំនួនអ្នកប្រើប្រាស់គ្រឿងមានចំនួន២៤.៧៦១នាក់ ក្នុងនោះជនញៀនថ្នាំចំនួន១២.៤៩៩នាក់ បានទៅទទួលសេវា​ព្យាបាល នៅតាមមណ្ឌលសុខភាពនានា និងចំនួន១២.២៦២នាក់ មិនបានទៅទទួលសេវាព្យាបាលនៅតាមមណ្ឌលសុខភាព។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ បានបន្ដថា ចំណែកជនដែលមិនទាន់ទទួលបានសេវាព្យាបាល ដែលចំណុចនេះ រាជរដ្ឋាភិបាលក៏ដូចជាគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ​បានខិតខំរិះរកវិធី ដើម្បីជំរុញ និងលើកទឹកចិត្ដពួកគេឲ្យមកទទួលយកសេវាព្យាបាលដោយស្ម័គ្រចិត្ដ នៅតាមមណ្ឌលបន្សាបគ្រឿងញៀន ដែលមានចំនួន១០ទូទាំងប្រទេសនេះ។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនរយៈពេល៩ខែឆ្នាំ២០១៧ ដែលមានការចូលរួមពីសំណាក់មន្ដ្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ដឹកនាំដោយលោក កៅ ខុនដារ៉ា ប្រធានស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ នេះខាងអាជ្ញាធរយើង បានបង្រ្កាបច្រើនករណី មានន័យថា យើងបង្រ្កាបបទល្មើសកើនឡើង២ដង កាលពីឆ្នាំ២០១៦។ ជាលទ្ធផល ធ្វើឲ្យសន្តិសុខ ស្ថិរភាព ក្នុងសង្គម មានសណ្តាប់ធ្នាក់ល្អ ជាពិសេសកាត់បន្ថយបទល្មើសគ្រឿងញៀន ប្រមាណជា២០ភាគរយ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា កតា្តដែលបណ្តាលឲ្យធ្លាក់ចុះចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ដោយសារមានការយកចិត្ត​ទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ខុសច្បាប់លើកទី១ និងលើកទី២ មិនតែដោយសារអ្នកប្រើប្រាស់គ្រឿងញៀន មានការយល់ដឹង ពីគ្រោះថ្នាក់ នៃការប្រើប្រាស់ថ្នាំញៀន៕