(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិថ្មី អាណត្តិទី៥ ក្រោមអធិបតីភាព លោកបណ្ឌិត អ៉ីន វីរជាតិ អតីតជាប្រធានក្រុមប្រឹក្សាភិបាល និងបច្ចុប្បន្នជា ទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិកចូលរួម ចំនួន ៩២គ្រឹះស្ថាន។
តាមរបាយការណ៍របស់ លោក ភឹម មុនីសេដ្ឋា អគ្គលេខាធិការ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានឲ្យដឹងថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាចំនួន៩២ ជាសមាជិក តែងតែរៀបចំការបោះឆ្នោតជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិថ្មី ជារៀងរាល់ ៣ឆ្នាំម្តង ដែលបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាភិបាលទាំង ២០គ្រឹះស្ថាន។
ដំណើរការនៃការបោះឆ្នោតជាលទ្ធផលគឺ លោកបណ្ឌិត ហេង វ៉ាន់ដា ទទួលបានការគាំទ្រ ជាប្រធានក្រុមប្រឹក្សាភិបាល ដោយសំឡេងព្រមចំនួន ១៩ លើ ២០សំឡេង និងលោក លី ឆេង ទទួលបានជា ប្រធានគណៈប្រតិបត្តិ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយសំឡេងព្រមចំនួន ២០ លើ ២០សំឡេង ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត អ៉ីន វីរជាតិ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម បានផ្តាំផ្ញើដល់ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងលោក លី ឆេង ប្រធានគណៈប្រតិបត្តិ អាណត្តិថ្មី ឲ្យខិតខំបន្តទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើតធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ និងស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិទាំងមូលបានសុខសន្តិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ។
លោកក៏បានបន្ថែមទៀតថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗ ទៀតជាច្រើននៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង ពីព្រោះប្រទេសកម្ពុជា ជាប្រទេសមួយកំពុងអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រទេសកម្ពុជា ក៏ជាសមាជិកអង្គការសហប្រជាជាតិ (United Nations) សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of South East Asian Nations) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ហើយកម្ពុជា ក៏បានធ្វើសាកលភាវូបនីយកម្ម ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក៕