(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ រវាងកម្ពុជា និងឡាវ ឆ្នាំ២០១៨ ដែលភាគីកម្ពុជាដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភាគីឡាវដឹកនាំដោយលោក ស៊ុម កែវ ស៊ីឡាវង្ស រដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ បានសន្យារួមគ្នាថា នឹងខិតខំធ្វើយ៉ាងណាទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន នៅតាមព្រំដែននៃប្រទេសទាំងពីរបន្ថែមទៀត រួមទាំងទប់ស្កាត់នូវបទល្មើសផ្សេងៗមួយចំនួន បន្ថែមទៀតផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅព្រលានយន្តហោះ ក្រោយអញ្ជើញមាតុភូមនិវត្តន៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីប្រទេសឡាវ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ លោក ផាត ផាណិត នាយរងខុទ្ទការល័យសម្តេចក្រឡាហោម ស ខេង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងមហាផ្ទៃបានលើកឡើងថា ភាគីកម្ពុជា និងភាគីឡាវ បានសន្យារួមគ្នាទប់ស្កាត់នូវបទល្មើសជាច្រើន នៅតាមបណ្តោយព្រំដែននៃ ប្រទេសទាំងពីរ ជាពិសេសគឺបញ្ហាគ្រឿងញៀនតែម្តង ដើម្បីធ្វើយ៉ាងណានាំមកនូវសន្តិសុខជូន ដល់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំនោះដែរ បើតាមការឲ្យដឹងពីលោក ផាត ផាណិត ភាគីទាំងពីរក៏បានសន្យា ធ្វើយ៉ាងណាសម្រួលដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ឲ្យបោះបង្គោលព្រំដែនប្រកបដោយភាពរលួន ហើយធ្វើយ៉ាងណាជំរុញដល់អាជ្ញាធរខេត្ត ដែលជាប់នឹងព្រំប្រទល់គ្នាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឲ្យបានឆាប់រហ័ស រួមទាំងផ្តល់ដំណឹងឲ្យគ្នាឲ្យបានទាន់ពេលវេលា ខណៈមានបទល្មើស និងបទឧក្រិដ្ឋអ្វីកើតឡើតនៅជាប់នឹង ព្រំប្រទល់នៃប្រទេសទាំងពីរនោះ។
ក្រៅពីចូលរួមកិច្ចប្រជុំខាងលើនោះ សម្តេចក្រឡាហោម ស ខេង ក៏បានជួបប្រជុំនិងពិភាក្សាការងារមួយចំនួនជាមួយនឹងលោក ថងលួន ស៊ីស៊ូលីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ ដោយនៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងគ្នានិងគ្នាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសប្រតិបត្តិការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តែម្តង។ យ៉ាងណាក៏ដោយភាគីទាំងពីរក៏បាន សន្យាថានឹងមិនឲ្យមានបញ្ហាព្រំដែន នៃប្រទេសទាំងពីរកើតឡើង ដោយយថាហេតុណាមួយនោះឡើយ៕