(ភ្នំពេញ)៖ សាលា អាយ ឃីដ (UCMAS) រៀបចំពិធីជួបជុំអាហារសាមគ្គីមហាគ្រួសារប្រចាំឆ្នាំរបស់ខ្លួន និងប្រគល់រង្វាន់ដល់សិស្សជ័យលាភីចំនួន៥រូប ដែលបានប្រកួតប្រជែងប្រឡង គិតលេខរហ័សអន្តរជាតិ (ISO UCMAS) កាលពីថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅប្រទេសម៉ាឡេស៊ី។
ក្នុងពិធីរៀបចំនេះដែរ សាលា អាយ ឃីដ (UCMAS) មានក្តីរីករាយណាស់នៅពេលដែល សិស្សានុសិស្ស UCMAS កម្ពុជាចំនួន៥នាក់ ដែលក្នុងនេះចំនួន ៤នាក់ទទួលបានចំណាត់ថ្នាក់លេខ២ និងសិស្សជ័យលាភីម្នាក់ទៀតទទួលបានពានរង្វាន់ «សិស្សឆ្នើម» ក្នុងការប្រកួតគិតលេខរហ័សអន្តរជាតិ (ISO UCMAS) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការប្រគល់រង្វាន់នេះ គឺជាមោទនភាព និងជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលមានសិស្សានុសិស្សពូកែៗ អាចដណ្តើមបានចំណាត់ថ្នាក់ល្អ នៅក្នុងការប្រលងជាលក្ខណៈអន្តរជាតិ ដែលមានសិស្សានុសិស្សចំនួន៣,០០០នាក់ មកពី៤៥ប្រទេសលើពិភពលោក។
សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ UCMAS ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ នៅប្រទេសម៉ាឡេស៊ី និងមានការទទួលស្គាល់ពីក្រសួងអប់រំ ចំនួន៧៥ប្រទេសលើពិភពលោក និងជាប់ក្នុងកំណត់ត្រាពិភពលោកផងដែរ។ បច្ចុប្បន្ន UCMAS ទីតាំងចំនួន៣៣សាខា ទូទាំងរាជធានីខេត្ត ដោយមានសិស្សានុសិស្សកំពុងសិក្សាចំនួនប្រមាណ១ម៉ឺននាក់៕