(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ដ្រីរាជការក្រោមឱវាទទាំងអស់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះ ទង្វើក្បត់ជាតិ និងក្បត់ប្រជាជន របស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខា កាត់ទឹកដីកម្ពុជាចំនួន៤ ខេត្តទៅឱ្យជនជាតិភាគវៀតណាម។

សេចក្តីថ្លែងការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រោយពីបានឃើញឯកសារបែកធ្លាយតាមបណ្តាញព័ត៌មាន ជាពិសេសឃ្លីបវីដេអូ ដែលបានបង្ហាញពីការចុះកិច្ចព្រមព្រៀងរវាងទណ្ឌិត សម រង្សី ជាមួយ កុក ស មេចលនាជនជាតិភាគតិចយួន កាលពីខែមេសាឆ្នាំ២០១៣ ដែលក្នុងនោះ សម រង្សី បានសន្យាផ្តល់សិទ្ធិស្វ័យភាព និងកាត់ទឹកដីខេត្តចំនួន០៤ ខេត្ត គឺ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ទៅឲ្យមេចលនាជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) វៀតណាម នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ក្រសួង សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្គការ ចំពោះទង្វើក្បត់ជាតិ និងប្រជាជនខ្មែរ របស់ទណ្ឌិត សម រង្សី ដើម្បីតែផលប្រយោជន៍ បុគ្គល និងអំណាច និងចាត់ទុកនូវទង្វើរបស់ទណ្ឌិត សម រង្សី នេះ ជាអំពើល្មើសច្បាប់យ៉ាងកំរោលដែលជាការជាន់ឈ្លីនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»