(កំពង់ធំ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង​លោកស្រី ​នៅព្រឹកថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញ​សម្ពោធភូមិគំរូ ដែលមានផ្ទះ​២១​ខ្នង មានតម្លៃសរុប​១០ម៉ឺនដុល្លារ នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាការសម្ពោធលើកទី១។

នៅភូមិគំរូស្រដៀងគ្នា នៅទីតាំងជាប់គ្នា​មួយទៀត ដែលមានផ្ទះចំនួន៤០ខ្នងទៀត ដែលមានទាំងសាលារៀន​១ខ្នង វិហារ១ មានតម្លៃសរុប៤០ម៉ឺនដុល្លារ កំពុងសាងសង់​នៅលើផ្ទៃដី​១៣,០០០ម៉ែត្រក្រឡា ហើយនឹងរួចរាល់នាពេលឆាប់ៗនេះ។​

ភូមិគំរូ​ដែលមានខ្ទះ២១ខ្នង ត្រូវបានប្រកាសសម្ពោធនៅពេលនេះ សង់នៅលើផ្ទៃដី ប្រមាណ​៤,០០០ម៉ែត្រក្រឡា ​ផ្ទះនីមួយៗមានទំហំ ៥ម៉ែត្រ គុណ​៧ម៉ែត្រ
សង់អំពីឈើ ផ្ទាល់ដី ចាក់សាបស៊ីម៉ង់ ជាអំណោយរបស់​សប្បុរសជន គុយវ៉ែត តាមរយៈសមាគមសម្របសម្រួលសង្គម នៃរដ្ឋគុយវ៉ែត សហការ​ជាមួយ សមាគមសប្បុរសធម៍ដើម្បីអភិវឌ្ឍន៍កម្ពុជា។

លោក Eed Mohammed Al Ajmi តំណាងម្ចាស់ជំនួយ បានកោតសរសើរសមាគមដៃគូរក្នុងស្រុក កោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់ការសហការយ៉ាងល្អប្រសើរ ជាមួយអង្គការសប្បុរសជន មកពីប្រទេសរបស់​លោក ធ្វើឲ្យគម្រោងមួយនេះ ក៏ដូចជាគម្រោងផ្សេងៗ របស់រដ្ឋាភិបាលគុយវ៉ែត បាននិងកំពុងបោះជំហានទៅមុខប្រកបដោយភាពកក់ក្តៅ និង​ជោគជ័យធំធេងសម្រាប់ប្រជាជាតិកម្ពុជា។

លោកឧកញ៉ា អូស្មាន ហាស្សាន់ ក្នុងនាមថ្នាក់ដឹកនាំ ដែលជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជ្រោមជ្រែង សម្រួលនូវដំណើរការប្រព្រឹត្តទៅ រាល់គម្រោងនានារបស់អង្គការនេះ បានកោតសរសើរដល់​អង្គការដៃគូរទាំង២ និងថ្លែងអំណរគុណដល់តំណាងម្ចាស់ជំនួយ ជនជាតិគុយវ៉ែត ដែលបានបរិច្ចាកថវិការបស់ខ្លួន ដោះទុក្ខលំបាកដល់គ្រួសារ​ទាំង២១ របស់អ្នកឃុំបឹង ដែលទីទ័លពិតប្រាកដ ហើយគ្មានលំនៅដ្ឋាន។

​លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានប្រកាសផងដែរ តាមរយៈអង្គការដៃគូរទាំង២ខាងលើ គឺភូមិគំរូមួយទៀត មានផ្ទះ៤០ខ្នងនៅជាប់គ្នា​នេះ ជាជំនួយសប្បុរសជនមកពីរដ្ឋកាតា នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះទៀត ដែលវាជាគោលដៅមួយ ក្នុងការចូលរួមដោះស្រាយ លំនៅដ្ឋានជាបន្តបន្ទាប់ ជូនដល់ជនក្រីក្រី គ្មានផ្ទះសម្បែងរបស់អ្នកឃុំបឹង ដើម្បីទទួលបានកន្លែងរស់នៅសមរម្យ ផាសុខភាព និងការលើកស្ទួយកម្រិតជីវភាព ឲ្យកាន់តែប្រសើរឡើង ស្របនឹងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

លោកឧកញ៉ាក៏បានផ្តាំផ្ញើ​ទៅកាន់​បងប្អូនប្រជាពលរដ្ឋថា ដើម្បីឲ្យការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ នៅតែបន្តកើតមាន ហើយកាន់តែមានលើសលប់ថែមទៀត សម្រាប់សហគមន៍ ទោះតាមរយៈសប្បុរសជន អង្គការ ឬតាមគោលនយោបាយផ្សេងៗ ដែលរាជរដ្ឋាភិបាលផ្តល់ជូន សូម​គាំទ្រ និងដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាល និង​កុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨នេះ ដើម្បី​ជ្រើសរើសមេដឹកនាំ ដែលជានិច្ចកាលនៅជាមួយពលរដ្ឋ។

លោក អូស្មាន ហាស្សាន់ ក៏បានអញ្ជើញប្រគល់អំណោយរបស់សប្បុរសជន ជូនដល់គ្រួសារក្រីក្រ ចាស់ជរា​១៥០គ្រួសារ ក្នុង១​គ្រួសារទទួលបាន អង្ករ១៥គីឡូក្រាម, ស្ករស​២គីឡូក្រាម, មី១០កញ្ចប់, ប្រេងឆា១ដប ក្នុងនោះក៏មានកញ្ចប់ថវិកា សម្រាប់គណៈកម្មាការភូមិ និងកងកម្លាំសន្តិសុខ និង​ឧបត្ថម្ភសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តកំពង់ធំ ៣៥នាក់ ក្នុងម្នាក់ៗទទួលបាន​២ម៉ឺនរៀល៕