(ភ្នំពេញ)៖​ បន្ទាប់ពី​ កញ្ញា​ ណាណា​ បានបង្ហោះសារថា​ បានយកអំណោយទៅចែកជូនតាជី​ យាយជី​ ជិតមួយរយនាក់​ នៅភ្នំតាម៉ៅ​ ខេត្ត​ តាកែវ​ ដែលធ្វើឲ្យមានការចាប់អារម្មណ៍​ និងមានការចុះផ្សាយ​ ពីសកម្មភាពនោះ​ ត្រូវបានសាម៊ីខ្លួនអះអាងថា​ ខ្លួនមានបំណងចង់ធ្វើរឿងនេះ​ យូហើយតែមិនមានពេលវេលា​ ទើបតែពេលនេះ​អាចឆ្លៀតធ្វើហើយមានអារម្មណ៍សប្បាយចិត្ត។

តារាស្រីដែលមានឈ្មោះថា​ ជាថៅកែស្រី​ ហាង​ RN​ gold salon​ កញ្ញា​ ណាណា​ បានប្រាប់ឲ្យដឹងថា​ នាងចុះទៅធ្វើការនេះដោយសារតែ​ មានជាប់សន្យានិងមានការតាំងចិត្តថា​ បើសិនមានអតិថិជនគាំទ្រសំលៀកបំពាក់​ មួយទឹករបស់នាង​ ច្រើន​ ហើយបានថវិកាច្រើន​ នាងនឹងយកលុយនោះទៅធ្វើបុណ្យ​ យកអំណោយទៅចែកជូនយាយជី​ តាជី​ ក្មេងៗនិងអ្នកខ្វះខាតជិតមួយរយៈនាក់​ នៅខេត្តតាកែវ។

កញ្ញា​ ណាណា​ បានប្រាប់ឲ្យដឹងទៀតថា​ បើសិនជានៅតែមានការគាំទ្រ​ និងចូលរួមពីទស្សនិកជន​ នាងនឹងនៅតែបន្តធ្វើការងារ​ សប្បុរសធម៌នេះថែមទៀត។​ ព្រោះថាការងារសប្បុរសធម៌អាចធ្វើបានគ្រប់គ្នា​ មិនថាតិចឬច្រើនទេ​ សំខាន់យើងពេញចិត្តធ្វើវា​ គឺគ្រប់គ្រាន់ហើយ។

បន្ទាប់ពីបានជោគជ័យ​ តារាស្រីរូបនេះ​ ក៏ប្រញាប់យកថវិកាទៅជួយ​ ចាស់ជរា​ និងធ្វើការងារសប្បុរសធម៌នេះភ្លាម​ ដើម្បីចូលរួមចំណែក​ ជួយសម្រាលការលំបាក​ របស់ពួកគាត់បានមួយកម្រិត​ ហើយក្រោយពីបញ្ចប់ការងារនេះ​ នាងមានគម្រោងបន្តទៀត​ ដើម្បីធ្វើការងារសប្បុរសធម៌​បន្ត៕