(ភ្នំពេញ)៖ បេក្ខជនម្នាក់ទៀតហើយ នោះគឺ បេក្ខជន មាស មុន្នីរាជ បានបង្ហើបឲ្យដឹងថា នៅថ្ងៃកម្មវិធីវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរិ៍ខាងមុខនេះ លោកបានត្រៀមបទចម្រៀងមួយដែលបញ្ចូលសិល្បៈបុរាណ មកបង្ហាញនៅលើឆាកកម្មវិធី ដើម្បីប្រកួតប្រជែង ដណ្តើមពានកម្មវិធី "The Melody" ថ្ងៃផ្តាច់ព្រ័ត្រ។
លោក មាស មុនី្នរាជ មកពីក្រុម Country Style បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ កម្មវិធី "The Melody" នឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ដោយតម្រូវឲបេក្ខជនទាំងអស់ បញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពាន ដូច្នេះហើយទើបលោកបានត្រៀមបទថ្មីមួយដែលរំលេចនូវការសម្តែងពិសេសៗ។
លោកបន្តថា នៅថ្ងៃប្រឡងផ្តាច់ព្រ័ត្រ លោកមានអារម្មណ៍ថារំភើបផង ភ័យផង និងតាំងចិត្តថានឹងប្រឹងអោយអស់លទ្ធភាព ដើម្បីទទួលបានជោគជ័យក្នុងកម្មវិធី។ ព្រោះថានៅសល់គ្នា៣នាក់ ហើយក៏រង់ចាំមើលដូចគ្នាថាខ្ញុំឬបេក្ខជន២នាក់ទៀត ទទួលបានជោគជ័យកាន់ពានលេខ១ សម្រាប់រដូវការទី១នេះ៕