(ភ្នំពេញ)៖ លោក អៀង សុធារ៉ា ពាណិជ្ជករល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា បានពន្យល់អំពីធម៌ចំនួន៤យ៉ាង ដែលរៀន និងអនុវត្តឲ្យក្លាយជាអ្នកមាន ដើម្បីជៀសផុតពីភាពក្រីក្រ។
ក្នុងឱកាសចូលរួមជាវាគ្មិនកិត្ដិយស ក្នុងយុទ្ធនាការម្ចាស់អាជីវកម្ម ជួយគ្នាក្នុងគ្រាលំបាកក្រោមប្រធានបទ «ធម៌ដើម្បីក្លាយជាអ្នកមាន» តាមរយៈប្រព័ន្ធអនឡាញលោក អៀង សុធារ៉ា បានបញ្ជាក់ថា ធម៌៤យ៉ាងដើម្បីឲ្យក្លាយជាអ្នកមានរួមមាន៖
១៖ ឧដ្ឋាន (ឧស្សាហ៍រកទ្រព្យ)៖ មិនខ្ចិល, ប្រឹងប្រែង និងព្យាយាម។ ឧទាហរណ៍៖ បើមានគ្រួសារត្រូវខំទាំងប្ដីទាំងប្រពន្ធ និងណែនាំកូនឲ្យខិតខំប្រឹង។
២៖ អារក្ខ (រក្សាទ្រព្យ)៖ ការក្សាទ្រព្យ និងសន្សំទ្រព្យឲ្យដែលរកបានឲ្យបានល្អ។ ការរក្សាទ្រព្យបានល្អ ត្រូវធ្វើនូវរឿង៥យ៉ាង (១) ការពារការរឹបអូសពីអាជ្ញាធរ ដែលអាចកើតឡើងដោយសារប្រព្រឹត្តិខុស, (២) ការសាងសង់អ្វី ដោយត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយប្រយ័ត្នប្រយែងជានិច្ច, (៣) ត្រូវគិតគូរពីការការពារគ្រោះធម្មជាតិផ្សេងៗ, (៤) ត្រូវមានការការពារពីចោរលួច, (៥) ប្រយ័ត្នចំពោះអ្នកណា ដែលចង់បំផ្លាញយើង។
៣៖ សមជីវតា (ជីវិតស្មើ)៖ សមីការនៃជីវិតដែលត្រូវប្រយ័ត្នគ្រប់ពេលវេលា (មិនអួត មិនអាង) ធ្វើអ្វីមួយឲ្យសមនឹងសមត្ថភាពខ្លួន។ ឧទាហរណ៍៖ គេឃើញជិះឡានថ្មីទំនើប ចង់ជិះឡានដូចគេដែរ ខណៈដែលខ្លួនមិនទាន់មានសមត្ថភាពទិញ ទៅខ្ចីបុលគេដើម្បីទិញជិះ នេះគឺអំពើដែលមិនគួរធ្វើឡើង ដែលនាំឲ្យជាប់បំណុល។
៤៖ កល្យាណមិត្ដ៖ ជាមនុស្សល្អសម្រាប់យើង និងជួយយើង, ផ្ដល់យោបល់ល្អៗឲ្យយើង។ ប៉ុន្ដែសូមចង់ចាំថា៖ ចង់រាប់អានបានមនុស្សល្អ ទាល់តែយើងជាមនុស្សល្អដែរ។ មានកល្យាណមិត្តល្អ អាចជាទីប្រឹក្សាល្អសម្រាប់យើង ហើយទៅប្រឹក្សាល្អមិនមែនសំដៅ អ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងយើងនោះទេ សំខាន់គេអាចផ្តល់ប្រឹក្សាឲ្យយើងបាន។
លោក អៀង សុធារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះឃើញថា យុវជននៅស្ទើរទាំង៤ធម៌ ដូច្នេះបើចង់ឲ្យមានលុយច្រើន ប្រកបដោយធម៌ ទាល់តែចម្រើនទាំង៤ធម៌នេះ»។
លោកបន្តថា ប្អូនៗ ដែលចង់ក្លាយទៅជាអ្នករកស៊ី ដែលខ្ពស់ និងធំនោះ គួរតែមានទីប្រឹក្សា ហើយយើងធ្វើការទាន់តែមាន ក្បួនធ្វើការត្រឹមត្រូវ ទើបអាចកា្លយទៅជាអ្នកមានពិតប្រាកដបាន ហើយបើមិនដូច្នេះទេ គឺយើងបានតែខំ បានតែទុកទ្រព្យ អត់មានអ្វីទៅមុខនោះទេ។
លោកបានថ្លែងបែបនេះថា «ទីប្រឹក្សាដែលឲ្យយោបល់ល្អ មិនប្រាកដថា មានលុយច្រើនជាងយើង អាចមានលុយតិចជាងយើង ប៉ុន្ដែគាត់មានយោបល់ល្អជាងយើង, មានចំណេះខ្ពស់ជាងយើង, ស្គាល់ហេតុផលច្រើនជាងយើង និងអាចបង្ហាញផ្លូវឲ្យយើង ដែលគួរឲ្យគោរព និងដើរតាម»។
លោក អៀង សុធារ៉ា បានលើកឡើងថា ចង់ធ្វើអ្វីមួយត្រូវមានយុទ្ធនាការ និងប្រព័ន្ធមួយច្បាស់លាស់ ដោយមិនអាចអង្គុយនឹកឃើញបន់ស្រន់ ហើយបាននោះទេ អ្វីៗក៏ដោយត្រូវមានរបៀបធ្វើ និងមានផែនការច្បាស់លាស់ត្រឹមត្រូវ៕
សូមទស្សនាវីដេអូរបស់លោក អៀង សុធារ៉ា ពន្យល់លម្អិតដូចខាងក្រោម៖