(ភ្នំពេញ)៖ លោក ចរ សុភាព អនុប្រធានគណៈកម្មការទូទាត់ នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ស្ថាប័នធនាគារនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ Scan QR របស់ខ្លួន ក្នុងការដាក់បញ្ចូលប្រព័ន្ធ Kh QR ជំនួយវិញ ដើម្បីអាចឲ្យអភិថិជនគ្រប់ស្ថាប័នធនាគារ Scan QR ទូទាត់រួមតែមួយបាន ដោយមានតម្លៃសេវាសមរម្យ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ចរ សុភាព បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធ Kh QR ជាបណ្ដុំនៃ QR ទាំងអស់ ដែលផ្ដួចផ្ដើមអភិវឌ្ឍន៍ដោយ ធនាគារជាតិនៃកម្ពុជា ដែលជាប្រព័ន្ធមួយ ក្នុងកម្មវិធី បាគង [...] ស្ថាប័នហិរញ្ញវត្ថុដែលមាន Mobile App ទាំងអស់ ត្រូវចូលរួមអភិវឌ្ឍន៍ ដើម្បីភ្ជាប់គ្នាតាមប្រព័ន្ធ បាគង អាចឲ្យធ្វើការ Scan QR តែមួយ»

លោក ចរ សុភាព បានឲ្យដឹងថា ប្រព័ន្ធ Kh QR នឹងចូលរួមផ្ដល់ប្រយោជន៍ជាច្រើន ជូនដល់អតិថិជនជាអ្នកប្រើប្រាស់ ដោយសារប្រព័ន្ធ Kh QR ជាប្រព័ន្ធមួយ អាចឲ្យអតិថិជន ធ្វើការទូទាត់ឆ្លងគ្នាបានដោយសេរី និងមានភាពងាយស្រួល ជាពិសេសមានតម្លៃសមរម្យ ដោយសារតែការកំណត់តម្លៃ គឺចេញដោយធនាគារជាតិ នៃកម្ពុជា។

លោក ចរ សុភាព បានលើកឡើងថា នាពេលបច្ចប្បន្ន សមាជិកនៃ បាគង កំពុងតែធ្វើការអភិវឌ្ឍន៍ Scan QR របស់ខ្លួន ដើម្បីដាក់បញ្ចូល Kh QR ជំនួយវិញ ក្នុងនោះ មានស្ថាប័នធនាគារមួយចំនួន បានអភិវឌ្ឍន៍ប្រព័ន្ធ Kh QR បានរួចរាល់ហើយ ខណៈមួយចំនួនទៀត ជិតរួចរាល់ដូចគ្នា គឺធ្វើយ៉ាងណា ដើម្បីឲ្យអតិថិជន មានភាពងាយស្រួល ក្នុងការប្រើប្រាស់ប្រព័ន្ធរបស់ខ្លួន។

គូសបញ្ជាក់ថា ការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងកើនឡើងខ្លាំង។ កើនឡើងដោយសារតែក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ប្រជាពលរដ្ឋ បានផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន ពីការប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់សុទ្ធ មកប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកវិញ ដើម្បីចូលរួមកាន់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈក្រដាស់ប្រាក់។

ថ្មីៗកន្លងមក ធនាគារជាតិនៃកម្ពុជា បានបន្ដលើកទឹកចិត្តឲ្យសាធារជនទាំងអស់ ឲ្យបន្ដប្រើប្រាស់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់។

ជាក់ស្តែង បើយោងតាមទិន្នន័យ ពីធនាគារជាតិនៃកម្ពុជា ក្នុងកំឡុងពេល Covid-19 នៅពេលមានការប្រកាន់យកវិធានសុខាភិបាល ទាក់ទងទៅគម្លាតសង្គម ដែលជាវិធានការការពារមួយនោះ ឃើញចំនួនប្រតិបត្តិការ តាមឌីជីថលនៅទូទាំងប្រទេសកម្ពុជា បានកើនឡើង៣៥០ភាគរយ ចាប់ពីចុងឆ្នាំ២០១៩ មកទល់ដំណាច់ឆ្នាំ២០២០កន្លងទៅនេះ ហើយតម្លៃសរុបបានកើនឡើង២០០ភាគរយ ដល់៦៨ពាន់លានដុល្លារអាមេរិក៕