(ភ្នំពេញ)៖ រយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ប្រមាណ៥ម៉ឺននាក់ ធ្លាក់ចុះ៩២.៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍កម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលទទួលភ្ញៀវទេសចរអន្ដរជាតិរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន៤៣,៩០៩នាក់ ធ្លាក់ចុះ ៨៨.៧%, អាកាសយានដ្ឋានអន្តរជាតិសៀមរាប មាន៤នាក់ ធ្លាក់ចុះ១០០% និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ មាន៧,៨១៦នាក់ ធ្លាក់៨៧.៥%។

ជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាសដែរ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព»។ នៅពេលផែនការនេះបញ្ចប់ រាជរដ្ឋាភិបាលនឹងបើកឲ្យភ្ញៀវទេសចរបរទេស ចូលមកកម្សាន្ត នៅកម្ពុជាឡើងវិញ។

ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍ ទទូចចង់ឲ្យរាជរដ្ឋាភិបាលបើកឲ្យមានការត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេស ដើម្បីសង្គ្រោះជីវិតវិស័យដែលដួលសន្លប់ស្តូកស្តឹងជិត២ឆ្នាំ។ ការជំរុញឲ្យមានការបើកទទួលភ្ញៀវឡើងវិញ ដោយសារហេតុផលថា ប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានច្រើនជាងគេ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះថា «ប្រសិនបើកម្ពុជាបន្ដរង់ចាំឲ្យជំងឺកូវីដ១៩នេះ ផុតពីផែនដីនោះយើងនឹងស្លាប់មុនជំងឺនេះទៅទៀត ដោយសារតែជួបនូវវិបត្តិសេដ្ឋកិច្ច ព្រោះអាជីវកម្មទេសចរណ៍ ត្រូវបានដេកដួលជិត២ឆ្នាំមកហើយ ប្រសិនបើកម្ពុជាអាចប្រកាសបើកនៅពេលនេះ អាចជាឱកាសក្នុងការត្រៀមខ្លួន ក្នុងការរើត្រឡប់មកវិញប្រមែប្រមូល អ្នកជំនាញទេសចរណ៍ត្រឡប់មកវិញ និងទាន់ពេលវេលា។ ប្រសិនបើបន្ដយូរជាងនេះ ពួកគាត់នឹងអត់មានដើមទុន ក្នុងការបើកត្រឡប់មកវិញ និងមិនអាចបាត់បង់ធនធានមនុស្សទៀតផង»

សូមជម្រាបថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ល្អនៃការចាក់វ៉ាក់សាំងជូនប្រជាជន ដោយគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អ្នកចាក់វ៉ាក់សាំងសរុបមាន ១១,៤៤៦,៤២០នាក់ ដែលជាក្តីរំពឹងនៃការបើកឲ្យមានប្រក្រតីភាពឡើងវិញសង្គម-សេដ្ឋកិច្ច៕