(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចឡើងវិញ តាមបែបគន្លងថ្មី នៅពេលខាងមុខ ក្នុងនោះវិស័យទេសចរណ៍ ជាវិស័យដ៏សំខាន់ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ក៏នឹងចាប់ផ្ដើមឲ្យមានដំណើរការឡើងវិញ ដោយជាជំហានដំបូង អាចនឹងបើកទេសចរណ៍ក្នុងស្រុក និងជំហានបន្ទាប់បើកទេសចរណ៍អន្ដរជាតិ។

បើទោះបីបើកឲ្យភ្ញៀវទេសចរឡើងវិញក្តី រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែនការជាអទិភាព ដោយការជ្រើសរើសភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួចរាល់ ដោយធានាបានថា មិនមានហានិភ័យ ក្នុងការចម្លងការរីករាលដាលនៃជំងឺកូវីដ១៩។

ជុំវិញនឹងការបើកដំណើរការ សកម្មភាពទេសចរណ៍ឡើងវិញនេះ តើនឹងមានភ្ញៀវទេសចរបរទេសធ្វើដំណើរកម្សាន្ត នៅប្រទេសកម្ពុជាដែរ ឬទេ? ក្នុងពេលដែលកម្ពុជា មិនទាន់បានបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតែរកឃើញជាបន្តបន្ទាប់?

ចំពោះសំណួរនេះបណ្តាញព័ត៌មាន Fresh News បានសម្ភាសជាមួយអ្នកជំនាញ អ្នករកស៊ីល្បីៗឈ្មោះ ដែលមានបទពិសោធន៍ក្រាសក្រែល ក្នុងវិស័យទេសចរណ៍ ដែលពួកគាត់មានសុទិដ្ឋិនិយមថា «ភ្ញៀវទេសចរនឹងចូលមកកម្ពុជា» ដោយហេតុផលមួយចំនួន។

ជាពិសេសនោះ អ្នករកស៊ីក្នុងវិស័យទេសចរ ទទូចឲ្យរាជរដ្ឋាភិបាល ប្រកាសនូវពេលវេលាជាក់លាក់មួយ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ងាយត្រៀមខ្លួនចូលមកកម្សាន្តនៅកម្ពុជា ខណៈដែលប្រទេសថៃ និងវៀតណាម សុទ្ធតែបានប្រកាសពីពេលវេលាទទួលភ្ញៀវទេសចរ របស់ពួកគេឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា «ខ្ញុំជឿជាក់ថា នឹងមានភ្ញៀវទេសចរចូលមកកាន់កម្ពុជា ដោយសារតែកន្លងមកដៃគូនៅក្រៅប្រទេស តែងតែសួរបញ្ជាក់អំពីបញ្ហានៃការបើកសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញរបស់កម្ពុជា។ នេះជាការបញ្ជាក់ថា ពួកគាត់កំពុងតែមានភ្ញៀវក្នុងដៃ និងកំពុងរង់ចាំការបើកដំណើរការមកវិញ ដើម្បីនាំភ្ញៀវទេសចរមកកម្ពុជា ដូច្នេះពេលបើកដំណើរការមក យើងជឿជាក់ថា នឹងមានអ្នកមកទេសចរនៅកម្ពុជា»

លោកស្រីបន្ថែមថា «ខ្ញុំនៅតែជឿជាក់ថា មានភ្ញៀវទេសចរចូលមកកម្ពុជា ទោះបីជាភ្ញៀវមកក្នុងកម្រិតតិចក៏ដោយ ជាការពិតភ្ញៀវចូលមកកម្ពុជាពេលនេះ មិនមានច្រើនដូចពេលមិនទាន់ផ្ទុះ ការកកើតឡើងនៃជំងឺកូវីដ១៩នោះឡើយ ប៉ុន្ដែការចូលមកបន្ដិចម្ដងៗ ពីភ្ញៀវម្នាក់ទៅភ្ញៀវម្នាក់ ជាមួយនឹងការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ នឹងពាំនាំភ្ញៀវទេសចរដទៃទៀតមកកាន់កម្ពុជា»

លោកស្រីបានលើកឡើងទៀតថា សម្រាប់ទេសចរណ៍សុវត្ថិភាពដែលកម្ពុជានឹងទទួលជាភ្ញៀវបានវ៉ាក់សាំងគ្រប់ដូស ដែលធានាបាននូវសុវត្ថិភាពទាំងភ្ញៀវមកទេសចរ និងអ្នកទទួលភ្ញៀវទេសចរ។ តាមការគិតភ្ញៀវដែលនឹងមកច្រើន គឺភ្ញៀវអឺរ៉ុប ប៉ុន្ដែក៏អាស្រ័យលើជើងហោះហើរផងដែរ ប្រសិនបើការរៀបចំជើងហោះហើរបានរួចរាល់ នោះអាចដឹកជញ្ជូនភ្ញៀវទេសចរបានច្រើន តែបើមិនបានរៀបចំនោះទេ ក៏ពិបាកក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលចង់មកផងដែរ។

លោកស្រីបញ្ជាក់ថា ក្រៅអំពីប្រទេសអឺរ៉ុប ប្រទេសជិតខាងកម្ពុជា ក៏ទន្ទឹងរង់ចាំការបើកទេសចរណ៍របស់កម្ពុជាផងដែរដូចជា ប្រទេសថៃជាដើម ដូច្នេះកម្ពុជាក៏មានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរនៅជិតខាង ក្រៅអំពីបណ្ដាប្រទេសផ្សេងៗ។

សម្រាប់លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាវិញ បានលើកឡើងថា ក្នុងករណីមិនមានការរាតត្បាតនៃជំងឺកូវីដ១៩ថ្មីៗ ដូច្នេះផែនការរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនឹងដំណើរការទទួលភ្ញៀវទេសចរឡើងវិញ ហើយនេះជាការសាទរផងដែរ ចំពោះអ្នកផ្គត់ផ្គង់សេវាទេសចរណ៍ ដូចជាបងប្អូនទេសចរណ៍ផងដែរ។

លោកបានបន្ដថា ចំពោះការតម្រូវឲ្យធ្វើចត្តាឡីស័ក របស់ភ្ញៀវទេសចរមកកាន់កម្ពុជានេះ បច្ចុប្បន្នក្រសួងពាក់ព័ន្ធ កំពុងពិភាក្សាគ្នាលើវិធានការ នៃការធ្វើចត្តាឡីស័ករបស់ភ្ញៀវទេសចរ ដោយសារតែការតម្រូវឲ្យភ្ញៀវទេសចរ ចំណាយពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ ជាពេលវេលាយូរ ធ្វើឲ្យភ្ញៀវខាតបង់ពេលវេលា និងថវិកាជាច្រើន ព្រមទាំងមានពេលតិចតួចប៉ុណ្ណោះ ក្នុងការធ្វើដំណើរកំសាន្ដ ដូច្នេះសង្ឃឹមក្រសួងពាក់ព័ន្ធទាំងអស់ នឹងពិចារណា ចំពោះការសម្រេចមួយនេះ។

លោក ធួន ស៉ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានលើកឡើងថា «ខ្ញុំគិតថា នៅតែមានអ្នកចូលមកទស្សនានៅកម្ពុជា ដោយសារតែការជាប់ឃុំឃាំងខ្លួនជិត២ឆ្នាំទៅហើយ ដូច្នេះច្បាស់ជាមានអារម្មណ៍ចង់កំសាន្ដ ឬជួបជុំ ប៉ុន្ដែចំពោះការរដើរហើររបស់ភ្ញៀវទេសចរនេះ មានក្នុងកម្រិតមួយតិចតួចប៉ុណ្ណោះ អាចថា១០នាក់មានត្រឹម២នាក់ប៉ុណ្ណោះ ដែលនឹងធ្វើដំណើរទេសចរណ៍»

លោកបន្ថែមថា ប្រទេសដែលគ្រប់គ្រងជំងឺកូវីដ១៩ បានល្អជាងគេ គឺប្រទេសចិន, តំបន់អឺរ៉ុប និងអ៊ីស្រាអែលជាដើម។ តាមការសង្កេតបន្ទាប់ពី ប្រទេសចិន គឺតំបន់អឺរ៉ុប ដែលបានគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ ដូច្នេះភ្ញៀវទេសចរសុវត្ថិភាព អាចមកពីបណ្ដាប្រទេសទាំងនេះ។

សូមជម្រាបថា កម្ពុជាជាប្រទេសដ៏ជោគជ័យ នៃការចាក់វ៉ាក់សាំងបង្ការជំងឺមានប្រជាជន ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ អ្នកទទួលបានវ៉ាក់សាំងមានចំនួន ១១,៤៨៩,៦៦១នាក់។

បច្ច័យល្អនៃការចាក់វ៉ាក់សាំងនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាប់បើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិត អនុវិទ្យា ល័យ និងវិទ្យាល័យទាំងអស់ ហើយក៏គ្រោងបើកដំណើរការសកម្មភាព សេដ្ឋកិច្ចឡើងវិញតាមបែប គន្លងថ្មី ដោយនឹងត្រូវចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និង ទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួចផងដែរ៕