(ភ្នំពេញ)៖ សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ ជំរុញឱ្យកសិករដាំស្វាយនៅកម្ពុជា គួរងាកមកបេះក្តឹបស្វាយផ្គត់ផ្គង់តម្រូវការ នៅក្នុងប្រទេសវិញ ដោយសារក្តឹបស្វាយ មានតម្លៃខ្ពស់ជាងស្វាយធំ និងមានតម្រូវការច្រើន ខណៈបច្ចុប្បន្ននេះក្តឹបស្វាយ ដែលដាក់នៅតាមហាងម្ជូរនានានៅកម្ពុជា គឺប្រមាណ៩០% បានចូលពីក្រៅប្រទេស។

អ្នកស្រី ឈិន ចំរើន នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៦ ខែកញ្ញានេះថា តាមការស្រាវជ្រាវរបស់សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ កាលពីពេលកន្លងមកកម្ពុជា ប្រើប្រាស់ក្តឹបស្វាយប្រមាណ១០តោនក្នុងមួយថ្ងៃ ហើយក្តឹបស្វាយដែលនាំចូលមកលក់នៅកម្ពុជា មានតម្លៃចន្លោះពី២ពាន់រៀល ទៅ៥ពាន់រៀល ក្នុងមួយគីឡូក្រាម។ ថៃជាប្រទេសដែលនាំចូលក្តឹបស្វាយ មកកម្ពុជាច្រើនជាងគេ។

អ្នកស្រីបន្តថា ក្តឹបស្វាយប្រើរយៈពេលតែ៣៥ថ្ងៃប៉ុណ្ណោះ ក្នុងការទទួលបានផលយកមកលក់ ដែលធ្វើឱ្យអ្នកដាំចំណេញពេលវេលា ចំណេញដើមទុនក្នុងការផលិត ហើយក្នុងមួយឆ្នាំអាចធ្វើបានច្រើនដង និងមិនបារម្ភពីហានិភ័យនៃការធ្លាក់តម្លៃដូចស្វាយធំទេ។ រីឯការទុកផ្លែដល់ធំ ដើម្បីប្រមូលផល ត្រូវប្រើរយៈពេលជាង២ខែកន្លះ ហើយត្រូវផ្សងព្រេងជាមួយនឹងតម្លៃឡើងចុះមិនទៀងទាត់ទៀតផង។

អ្នកស្រីបន្ថែមថា កសិករដាំស្វាយគួរតែតែបេះក្តឹបស្វាយមួយផ្នែកចេញមកលក់ ដោយរក្សាទុកតែបរិមាណតិចតួច ក្នុងមួយទងសម្រាប់ខ្ចប់ ដើម្បីឱ្យស្វាយមានផ្លែធំល្អ និងមានគុណភាពព្រមទាំងមានតម្លៃថ្លៃ។

«សម្រាប់អ្នកដែលមានបរិមាណស្វាយតិច គួរបេះក្តឹបស្វាយលក់ជាជាងទុកស្វាយឱ្យធំ ដើម្បីកុំឱ្យគាត់បាក់ទឹកចិត្ត នៅពេលដែលស្វាយធំធ្លាក់ថ្លៃ ពីព្រោះនៅពេលស្វាយធំឡើង ដែលជាស្វាយអត់បានខ្ចប់ វាអាចបានតម្លៃប្រមាណ៤០០ ទៅ៥០០ក្នុងមួយគីឡូ អីចឹងបើធៀបនឹងក្តឹបស្វាយ ដែលយើងលក់ចេញឱ្យគេមិនបាច់ទុកឱ្យធំ អស់កម្លាំងពលកម្មច្រើន យើងលក់ក្តឹបស្វាយទៅ» ។ នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ រូបនេះបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយ ចំនួន១៣១ ៨៩០ហិកតា ក្នុងនោះផ្ទៃដីប្រមូលជាង៩ម៉ឺនហិកតា។ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញស្វាយស្រស់ចំនួន១៦៣ ៨២៨.៥៥តោនកើនឡើងចំនួន២៥១.០៣% ដោយនាំចេញទៅប្រទេសថៃ ចិន ហុងកុង កូរ៉េ សិង្ហបុរី និងប្រទេសគុយវ៉ែត៕