(ភ្នំពេញ)៖ លោក ម៉ែន ភក្ដី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានប្រាប់អំពីវិធីសាស្ដ្រ នៃការសន្សំប្រាក់ ដោយត្រូវបែងចែកប្រាក់ចំណូលទៅជា៣ចំណែក។

ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យលើកឡើងថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើន អំពីការសន្សំប្រាក់ តែនៅចំណុចខ្លះ មិនបានយល់ដឹងស៊ីជម្រៅនោះទេ។

លោក ម៉ែន ភក្ដី បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះយល់ឃើញថា ទាន់តែមានលុយច្រើន បានមានការសន្សំ នៅក្នុងន័យនេះ សូមជម្រាបជូនថា នៅពេលដែល បានចំណូល យើងត្រូវបែងចែកប្រាក់ចំណូល បែងចែងជា៣ចំណុច៖ ចំណាយចាំបាច់, ការសន្សំ, និងការចំណាយផ្សេងៗ»

មន្ដ្រីធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា «យើងសន្សំតិចតួច ក៏ត្រូវសន្សំដែរ ដើម្បីឲ្យយើង មានថវិកាសម្រាប់ប្រើប្រាស់ នៅពេលដែលយើងចាំបាច់។ ការសន្សំមានសារសំខាន់ណាស់ សម្រាប់គ្រួសារ និងសង្គមជាតិ»

លោក ម៉ែន ភក្ដី ក៏សូមលើកទឹកចិត្ដ ដល់សាធារណជនទូទៅ គឺសូមមេត្ដាយកចិត្ដទុកដាក់ ក្នុងការសន្សំប្រាក់ ដើម្បីឲ្យយើងមានថវិកា សម្រាប់ប្រើប្រាស់ នៅពេលដែលយើងចាំបាច់។

លោក ង៉ែត ជូរ អ្នកជំនាញក្នុងវិស័យហរិញ្ញវត្ថុ បានបញ្ជាក់ថា ការសន្សំប្រាក់ គឺមានការចាំបាច់ណាស់ សម្រាប់ប្រជាពលរដ្ឋទូទៅ មិនថាអ្នកមានចំណូលខ្ពស់ ចំណូលមធ្យម ចំណូលទាប ពីព្រោះពេលខ្លះ យើងមិនអាចមើលឃើញពីតម្រូវការចាំបាច់ នាពេលអនាគត ឬក៏ហេតុការណ៍អ្វីមួយនោះឡើយ។

លោក ង៉ែត ជូរ បានលើកឡើងថា វិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ មានការរីកចម្រើន គឺចង់សំដៅដល់ការយកប្រាក់ ទៅដាក់ក្នុងគ្រឹះស្ថានទាំងអស់នោះ ដោយមិនមែនមានន័យថា យកប្រាក់ទៅដាក់នៅក្រោមកន្ទេល ឬក៏ស្រោមខ្នោយ ដូចសម័យកាលបុរាណនោះទេ។

លោក ង៉ែត ជូរ បានបន្ថែមទៀតថា ការដែលយកប្រាក់ ទៅដាក់ក្នុងប្រព័ន្ធធនាគារ គឺអាចអនុញ្ញាតឲ្យប្រព័ន្ធធនាគារនោះ ប្រើសាច់ប្រាក់ទាំងនោះ ផ្ដល់កម្ចីដល់វិស័យឯកជន ដើម្បីយកទៅវិនិយោគបន្ដ ក្នុងការបង្កើតផលចំណេញដល់សេដ្ឋកិច្ច ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋ។

ដោយឡែក លោកស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុនឬទ្ធិពល បានបញ្ជាក់ថា ការសន្សំនឹងធ្វើឲ្យយើង អាចមានកញ្ចប់ថវិកាមួយចំនួន សម្រេចនូវគោលដៅ ក៏ដូចជាក្ដីស្រមៃរបស់យើង។

លោកស្រី ប៉ែន បុប្ផា បានបន្ថែមទៀតថា ការសន្សំក៏ជួយឲ្យយើងបង្ការ នូវគ្រាអាសន្នមួយចំនួន ជាក់ស្ដែងដូចជាបញ្ហាកូវីដ-១៩ យើងអាចយកកញ្ចប់សន្សំនេះ មកដោះស្រាយបានផងដែរ។

សូមជម្រាបថា ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការរីកចម្រើនគួរឲ្យគត់សម្គាល់។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ការដាក់ប្រាក់បញ្ញី ឬ ហៅម្យ៉ាងទៀតថាជាការដាក់ប្រាក់សន្សំ ក្នុងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ មានកំណើនជិត២០ភាគរយ ដែលស្មើនឹងទឹកប្រាក់សរុប ១៣០.៨ ទ្រីលានរៀលឫប្រមាណ ៣២ ពាន់លានដុល្លារអាមេរិក៕