(ភ្នំពេញ)៖ ច្បាប់ ស្ដីពីការប្រកួតប្រជែង ត្រូវបានព្រះមហាក្រត្សនៃកម្ពុជា ចេញព្រះរាជក្រមត្រាស់បង្គាប់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅដើមខែតុលា ឆ្នាំ២០២១នេះ។

មន្ត្រីពាណិជ្ជកម្ម និងអ្នកជំនាញសុទ្ធតែអះអាងដូចគ្នាពីសារសំខាន់នៃច្បាប់នេះ ថានឹងជួយរក្សាស្ថិរភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធ្វើឲ្យអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសកាន់តែមានទំនុកចិត្តលើកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះកម្ពុជាបានដាក់ឲ្យប្រើប្រាស់នូវច្បាប់ ស្ដីពី «ការប្រកួតប្រជែង» ដែលនឹងចូលរួមជួយរក្សាស្ថិរភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជា បន្ថែមពីនេះបានជួយដល់អ្នករកស៊ី និងអតិថិជនផងដែរ។

លោកឧកញ៉ា លឹម ហេង បានថ្លែងថា «រាជរដ្ឋាភិបាលបង្កើតច្បាប់ ស្ដីពីការប្រកួតប្រជែង ជារឿងល្អមួយ សម្រាប់រក្សាស្ថិរភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជា ឲ្យមានលំនឹងល្អទៅថ្ងៃអនាគត។ ច្បាប់នេះនឹងជួយអ្នករកស៊ីតូចល្មមដូចជា សហគ្រាសធុនតូច និងមធ្យម និងអ្នកវិនិយោគ ដែលមកពីបណ្ដាប្រទេសផ្សេងៗ និងអ្នកវិនិយោគនៅកម្ពុជា អាចប្រកួតប្រជែងដោយស្មើភាពគ្នា ក្នុងបរិបទពាណិជ្ជកម្មសេដ្ឋកិច្ច មានន័យថា អនុញ្ញាតឲ្យប្រកួតប្រជែងដោយស្មើភាពគ្នា រវាងពាណិជ្ជកម្មឌីជីថលទាំងអ្នករកស៊ីនៅកម្ពុជា និងអ្នករកអនឡាញនៅបរទេស»

លោកបន្ថែមថា ច្បាប់ប្រកួតប្រជែងនេះ នឹងប្រកួតដោយស្មើភាពគ្នា និយាយឲ្យចំ គឺបង់ពន្ធដោយស្មើភាពគ្នា មិនថាអ្នកធំ អ្នកតូចណានោះឡើយ គឺត្រូវគោរពច្បាប់បង់ពន្ធ ដោយស្មើភាពគ្នាឲ្យមានតម្លារភាព ដើម្បីការប្រកួតប្រជែងនេះ។

លោកបានបញ្ជាក់ថា «ច្បាប់នេះនឹងធ្វើឲ្យអ្នកវិនិយោគមានសុវត្ថិភាព និងយល់ឃើញថា ការធ្វើជំនួញនឹងមិនមានអ្នកជំនួញធំៗ ឬអ្នកមានអំណាចណាម្នាក់ អាចមកក្រឡុកសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា ឬអាចធ្វើឲ្យអ្នកវិនិយោគផ្សេងៗ ដួលរំលំបាននោះទេ។ ខ្ញុំគិតថាបន្ទាប់ពីមានច្បាប់ ស្ដីពី ការប្រកួតប្រជែងនេះ នឹងធ្វើឲ្យសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នករកស៊ីនៅកម្ពុជាមានទំនុកចិត្ត ព្រមទាំងទទួលផលប្រយោជន៍ពីច្បាប់នេះជាក់ជាមិនខាន»

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា «ការបង្កើតច្បាប់ ស្ដីពី ការប្រកួតប្រជែងនេះ គឺដើម្បីការពារពាណិជ្ជកម្មក្នុងប្រទេស ការពារអ្នកប្រើប្រាស់ និងស្របតាមបរិបទនៃពាណិជ្ជកម្មអន្ដរជាតិ។ និយាយចំពោះការការពារ ពាណិជ្ជកម្មក្នុងប្រទេស គឺធានាឲ្យបាននូវការប្រកួតប្រជែង ដោយស្មើភាពគ្នារវាងធុរកិច្ច និងអាជីវកម្ម ដែលធ្វើអាជីវកម្មនៅកម្ពុជា ពិសេសអាជីវកម្មតូចដូចជាសហគ្រាសធុនតូច និងមធ្យម ត្រូវបានធានាមិនឲ្យមានការរំលោភបំពាន ពីអ្នកមានអំណាចក្នុងទីផ្សារ ព្រោះក្នុងទីផ្សារតែងតែមានអាជីវកម្ម ឬពាណិជ្ជករខ្លះ មានអំណាចមានប្រៀបជាងអ្នកដទៃ ដូច្នេះច្បាប់នេះនឹងជួយឲ្យមានការប្រកួតប្រជែងរវាងអាជីកម្មតូច និងអាជីវកម្មធំៗ ប្រកបដោយភាពស្មើគ្នា»

លោកបានបញ្ជាក់ថា មួយវិញទៀតច្បាប់នេះ នឹងធានាឲ្យមានការចូលក្នុងទីផ្សារ ដោយគ្មានការរារាំង មានន័យថា អ្នកណាអ្នកណាក៏មានសិទ្ធិ ចូលក្នុងទីផ្សារបានដោយស្មើភាព ឲ្យតែទំនិញមានគុណភាព, កិច្ចការអាជីវកម្មមានភាពស្មោះត្រង់, សេវាកម្មមានភាពល្អប្រសើរ ដូច្នេះអាចប្រកួតប្រជែងគ្នាបានហើយ។ កត្តាមួយទៀត គឺធានាបានថា ការរីកចម្រើននៃសេដ្ឋកិច្ចធ្វើឡើង ប្រកបដោយភាពនឹងន ស្ថិរភាពល្អ ជៀសវាងការក្ដោបក្ដាប់ទីផ្សារតែម្នាក់ឯង ពីសំណាក់ក្រុមហ៊ុនធំៗណាមួយ អាចច្របាច់បញ្ជូលគ្នាបាន ដែលធ្វើឲ្យបាត់បង់តុល្យភាពនៃទីផ្សារ និងធ្វើឲ្យប៉ះពាល់សិទ្ធិអ្នកទិញជាដើម។

លោកបញ្ជាក់ថា «ទាំងនេះជាអត្ថប្រយោជន៍ ដែលទទួលបាន នៃការបង្កើតច្បាប់ស្ដីពី ការប្រកួតប្រជែងនេះ។ អត្ថប្រយោជន៍មួយទៀត នៃការបង្កើតច្បាប់នេះ គឺ ធ្វើឲ្យអ្នកវិនិយោគទុកចិត្តលើការវិនិយោគក្នុងទីផ្សារនៃប្រទេសកម្ពុជាយើង ដោយសារតែកម្ពុជាយើងអាចធានាបានថា ច្បាប់នេះមានដូចជាអន្ដរជាតិ និងមិនអាចដាក់កំហិចថ្លៃណាមួយ អាចនឹងប៉ះពាល់ដល់ការធ្វើវិនិយោគ ឬក្ដីសង្ឃឹមរបស់វិនិយោគិនមកលើទីផ្សារកម្ពុជានោះទេ»។

លោកបានបន្ថែមថា ដូច្នេះអ្នកប្រើប្រាស់អាចជៀសផុតពី ការកំណត់ថ្លៃមួយ ដែលទាំងអស់គ្នាមានសិទ្ធិទិញទំនិញ ជ្រើសរើសទំនិញ ប្រកបដោយគុណភាព មានសិទ្ធិទទួលបានសិទ្ធិក្នុងការជ្រើសរើស៕