(ប៉េកាំង)៖ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តការស្ទុះងើបឡើងវិញប្រកបដោយស្ថិរភាពក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំនេះ ដោយសូចនាករធំៗនៅតែស្ថិតក្នុងកម្រិតសមហេតុផលដដែល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ស៊ិនហួបានដកស្រង់ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ (NBS) របស់ប្រទេសចិនថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសមហាអំណាចមួយនេះបានកើនឡើង ៩,៨ភាគរយក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះមានអត្រា ៥,២ភាគរយ។

នៅត្រីមាសទី៣ ឆ្នាំនេះ ផ.ស.ស របស់ចិនបានកើនឡើង ៤,៩ភាគរយធៀបនឹងត្រីមាសទី៣ ឆ្នាំមុន ពោលគឺជាកំណើនមួយទាបជាងការកំណើន ១៨,៣ភាគរយនៅត្រីមាសទី១ និង ៧,៩ភាគរយនៅត្រីមាសទី២។

ទីភ្នាក់ងារព័ត៌មានស៊ិនហួរបានរាយការណ៍ទៀតថា សូចនាករសេដ្ឋកិច្ចធំៗផ្សេងទៀតបានបង្ហាញពីភាពប្រសើរឡើងជាបន្តនៅទូទាំងសេដ្ឋកិច្ច ដោយការលក់រាយនៃទំនិញប្រើប្រាស់បានកើនឡើង ១៦,៤ភាគរយក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានកើនឡើង ១១,៨ភាគរយក្នុងរយៈពេលបីត្រីមាសដំបូងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើង ៧,៣ភាគរយក្នុងរយៈពេលដូចគ្នានេះ។

ទិន្នន័យរបស់ NBS បានបង្ហាញទៀតថា អត្រាគ្មានការងារធ្វើនៅក្នុងទីក្រុងដែលត្រូវបានអង្កេតមានអត្រា ៤,៩ភាគរយនៅខែកញ្ញា ដែលធ្លាក់ចុះ ០,៥ពិន្ទុភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕