(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់បានចំនួន ៣៤៣ ៨១២ តោនកើនឡើង៤៦ភាគរយ បើធៀបនឹងឆ្នាំ២០២០។

ការនាំចេញផ្លែចេក ទៅប្រទេសចិនចំនួន៣០ម៉ឺនតោន, ប្រទេសវៀតណាមជាង ៤ម៉ឺនតោន, ប្រទេសជប៉ុន ៥៣៣តោន និងប្រទេសសិង្ហបុរី ៤៨០តោន។

ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture ជាក្រុមហ៊ុនដែលវិនិយោគដាំចេកអំបូងលឿន នៅខេត្តកំពត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែតុលានេះថា កំណើននៃការនាំចេញផ្លែចេកស្រស់នេះ ដោយសារតែកម្ពុជា-ចិន មានទំនាក់ទំនងល្អ ដែលធ្វើឲ្យចេករបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន។

លោកឧកញ៉ាបញ្ជាក់ថា «ការនាំចេញចេកស្រស់កើនឡើងនេះ ដោយសារតែកិច្ចព្រមព្រៀងកម្ពុជា-ចិន បើកផ្លូវឲ្យផលិតផលផ្លែចេកស្រស់ដាំនៅកម្ពុជា អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ដោយមិនបានកំណត់ចំនួនកូតានោះឡើយ។ កត្តាទាំងនេះដែលធ្វើឲ្យទាក់ទាញអ្នកវិនិយោគិនធំៗ ទាំងក្នុងស្រុក និងក្រៅប្រទេសបណ្តាក់ទុន»

លោកឧកញ៉ាបន្តថា ដោយសម្លឹងឃើញពីសក្តានុពលនេះ សម្រាប់ក្រុមហ៊ុនរបស់លោក ក៏បានបង្កើតសម្ព័ន្ធក្រុមហ៊ុន ពង្រីកការដាំដុះដំណាំចេកបន្ថែម ព្រមទាំងផ្លែឈើហូបផ្លែជាច្រើនផ្សេងៗទៀត ហើយជាការរំពឹងទុក ក្នុងឆ្នាំ២០២២ខាងមុខនេះ កំណើននៃការនាំចេញផ្លែចេកនឹងបន្ដកើនតឡើង។

កម្ពុជាចាប់ផ្តើមនាំចេញផ្លែចេកស្រស់ ទៅចិនដោយផ្ទាល់ ជាលើកដំបូងនៅឆ្នាំ២០១៩។ រយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែចេក មានការកើនឡើងទាំងបរិមាណ និងការគិតតម្លៃជាសាច់ប្រាក់។ កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញផ្លែចេកស្រស់បានជាង ១៥ម៉ឺនតោន និងឆ្នាំ២០២០ នាំចេញបានជាង៣៣ម៉ឺនតោន៕