(កំពង់ស្ពឺ)៖ កសិករដាំស្វាយមួយចំនួន ជាពិសេសកសិករ ដែលជាសមាជិករបស់សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានងាកមកបេះក្តឹបស្វាយបំពេញតម្រូវការទីផ្សារម្ជូរក្នុងស្រុកវិញ ដែលចូលរួមកាត់បន្ថយការនាំចូលក្តឹបស្វាយពីក្រៅប្រទេស កាត់បន្ថយការធ្លាក់ចុះខ្លាំងនៃតម្លៃស្វាយ នៅរដូវប្រមូលផលស្វាយ និងកាត់បន្ថយចំនួនស្វាយទុំជ្រុះ នៅរដូវខែជន់ស្វាយ ក្នុងចន្លោះខែកុម្ភៈដល់ខែមេសាផងដែរ។

លោកស្រី ឈិន ចម្រើន នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះថា ក្រោយពីសមាគមបានជំរុញសមាជិករបស់សមាគមឱ្យបេះក្តឹបស្វាយខ្ចីលក់វិញនោះ រយៈពេលក្រោយនេះ កសិករបានចាប់ផ្តើមប្រលេះ ក្តឹបស្វាយមួយផ្នែកចេញមកលក់ ដោយរក្សាទុកតែបរិមាណតិចតួច ក្នុងមួយទងសម្រាប់ខ្ចប់ ដើម្បីឱ្យស្វាយមានផ្លែធំល្អ និងមានគុណភាព លក់បានតម្លៃថ្លៃ។

តាមការស្រាវជ្រាវរបស់សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ កាលពីពេលកន្លងមកបានឱ្យដឹងថា ក្នុងមួយថ្ងៃកម្ពុជាមានតម្រូវការ ក្តឹបស្វាយប្រមាណ១០តោនក្នុងមួយថ្ងៃ ហើយក្តឹបស្វាយដែលដាក់លក់តាមហាងម្ជូរនានា គឺនាំចូលពីថៃប្រមាណ៩០% ដោយមានតម្លៃចន្លោះពី២ពាន់រៀល ទៅ៥ពាន់រៀល ក្នុងមួយគីឡូក្រាម ធ្វើឱ្យបាត់ចំណូលជាង២លានដុល្លារក្នុង១ឆ្នាំ។

បច្ចុប្បន្នលោកស្រី ឈិន ចម្រើន កំពុងសហការជាមួយនិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រងបាត់ដំបង ដើម្បីស្រាវជ្រាវកែច្នៃធ្វើជ្រក់ក្តឹបស្វាយ ដែលអាចរក្សាទុកបានមួយឆ្នាំ។

លោកស្រីរំពឹងថា នៅរដូវប្រមូលផលស្វាយ (រដូវជន់ស្វាយ) ក្នុងខែក្នុងកុម្ភៈ ដល់ខែមេសា នឹងមិនមានស្វាយទុំជ្រុះចោល នៅក្រោមដើមបន្តទៀត ដោយសារគ្មានទីផ្សារ និងការធ្លាក់ថ្លៃដូចកាលមុនៗនោះទេ នៅពេលដែលកសិករចេះប្រលេះក្តឹបស្វាយមួយផ្នែក សម្រាប់យកមកលក់ និងទុកផ្លែមួយសម្រាប់ខ្ចប់ឱ្យមានផ្លែធំល្អ ដើម្បីនាំចេញទៅក្រៅប្រទេស។

ដោយឡែកស្វាយធំៗវិញ នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតរូបនេះបានឱ្យដឹងថា បច្ចុប្បន្ននេះ អាចលក់បានចន្លោះពី១៥០០រៀលទៅ៤០០០រៀល តាមប្រភេទស្វាយលេខ១ លេខ២ និងលេខ៣៕