(កំពង់ធំ)៖ ដោយមើលឃើញពីតម្រូវការគ្រាប់ស្វាយចន្ទីនៅទីផ្សារអន្តរជាតិ សិប្បកម្មជ័យសំបូរនៅខេត្តកំពង់ធំ របស់លោកស្រី អ៊ិន ឡៃហួត ដែលបច្ចុប្បន្នកំពុងកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅប្រទេសប៉ុន គ្រោងពង្រីកផលិតកម្ម និងទីផ្សារនាំចេញឱ្យបានច្រើនជាងមុន។

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មជ័យសំបូរ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថានៅឆ្នាំ២០២២ខាងមុខនេះ លោកស្រីមានគម្រោងប្រមូលទិញ គ្រាប់ស្វាយពីកសិករឱ្យបាន១០០០តោន សម្រាប់កែច្នៃនាំចេញទៅលក់លើទីផ្សារអន្តរជាតិ។ ប៉ុន្តែបច្ចុប្បន្ននេះ សិប្បកម្មលោកស្រីកំពុងប្រឈមនឹងខ្វះទុនបន្ថែម ក្នុងពង្រីកផលិតកម្ម។

លោកស្រី អ៊ិន ឡៃហួត លើកឡើងបន្ថែមថា «ការនាំចេញយើងអត់ទាន់បញ្ហាអីទេ ប៉ុន្តែសំខាន់ជាងគេយើងប្រឈមគឺទុនប្រមូលទិញពីកសិករ យើងខ្វះទុនសម្រាប់ធ្វើការប្រមូលផលពីពួកគាត់សម្រាប់ផ្គត់ផ្គង់ទីផ្សារឱ្យគេ ព្រោះទីផ្សារយើងមើលថាមានហើយ តែយើងខ្លះទុនប្រមូលទិញពីកសិករ»

លោកស្រីអំពាវនាវឱ្យធនាគារផ្តល់ភាពងាយស្រួល ដល់ការផ្តល់កម្ចីដល់សហគ្រិនស្រ្តី ព្រមទាំងផ្តល់នូវអត្រាការប្រាក់ទាប និងការសងត្រឡប់រយៈពេលវែង។

សិប្បកម្មជ័យសំបូរបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករចំនួន ១០០គ្រួសារដែលដាំលើផ្ទៃដីជាង៧០០ ហិកតានៅក្នុងខេត្តកំពង់ធំ។ សិប្បកម្មដែលបង្កើតឡើងដោយស្រ្តីខ្មែរនេះ មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោនក្នុងមួយខែ។

សិប្បកម្មជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីជាលើកដំបូង ទៅកាន់ប្រទេសជប៉ុន កាលពីដើមខែមិថុនាឆ្នាំ២០២១ ចំនួនជាង៧តោន។ រហូតមកដល់ពេលនេះ លោកស្រីបាននាំចេញគ្រាប់ស្វាយចន្ទី បានចំនួន៣ដងរួចមកហើយ ដែលមានចំនួនប្រមាណ៣០តោន។

លោកស្រី អ៊ិន ឡៃហួត បានឱ្យដឹងថា បន្ថែមពីលើទីផ្សារជប៉ុន លោកស្រីគ្រោងពង្រីកការនាំចេញទៅកាន់ទីផ្សារ ៣ទៀតរួមមាន អាមេរិក និងអូស្រ្តាលីជាដើម។ ក្រៅពីទីផ្សាអន្តរជាតិ សិប្បកម្មជ័យសំបូរ ក៏បានផ្គត់ផ្គងឱ្យទីផ្សារក្នុងស្រុកដូចជា តំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក សហករណ៍សរីរាង្គខ្មែរផងដែរ៕