(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឲ្យទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិនូវភាពជោគជ័យ ក្នុងការចូលរួមពិព័រណ៍នេះ ដែលមានរយៈពេល៦ខែ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើង នៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) មានរយៈពេល៦ខែ។ ប្រធានបទនៃពិព័រណ៍នេះ គឺ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds,Creating the Future) និងមានប្រធានបទរងចំនួន៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព, និរន្តរភាព។

លោក ស៊ាង ថៃ បានបញ្ជាក់ថា តាមរយៈការចូលរួមពិព័រណ៍នេះ កម្ពុជាសង្ឃឹមថា នឹងកសាងបាននូវល្បីល្បាញ លើឆាកអន្តរជាតិ នូវបេតិកភណ្ឌ វប្បធម៌ពីបុរាណ អាចទាក់ទាញបាននូវភ្ញៀវ និងអ្នកវិនិយោគជាច្រើន តាមរយៈពន្លាជាតិ និងការផ្សព្វផ្សាយនានា។ អ្នកទស្សនាពន្លាជាតិកម្ពុជា នឹងចងចាំនូវអ្វីដែលពួកគេ បានឃើញ ដូចជា ប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង វប្បធម៌ដ៏សម្បូរបែប និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ សិល្បៈ របាំប្រពៃណីខ្មែរ ដែលមានទីតាំងសម័យបុរាណ និងបច្ចុប្បន្ន។

លើសពីនោះទៀត លោក ស៊ាង ថៃ បានបន្ដថា ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតតាមរចនាបទខ្មែរ ដោយច្របាច់បញ្ចូលគ្នានូវវប្បធម៌ អរិយធម៌ខ្មែរពីបុរាណ ចាប់តាំងពីសម័យមុនអង្គរ សម័យអង្គរ សម័យ លង្វែក ឬសម័យឧត្តុង្គ រហូតមកសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន។

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម រូបនេះ បានបន្ថែមទៀតថា អ្នកទស្សនា ក៏នឹងចងចាំផងដែរ នូវស្នាមញញឹមពោពេញ ដោយក្តីសង្ឃឹម និងភាពដ៏ស្មោះត្រង់ របស់មន្ត្រីប្រចាំការចំពោះភ្ញៀវ។ កត្តាទាំងនេះ បានធ្វើឲ្យអ្នកទស្សនា ចង់មកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមទៀត។ ជាលទ្ធផល កម្ពុជា នឹងទទួលបានភ្ញៀវទេសចរណ៍ និងធុរជន យ៉ាងច្រើនកុះករ។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន១៩២។

ក្នុងព្រឹត្តិការណ៍នោះដែរ សម្រាប់ប្រទេសកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការ អន្តរក្រសួង បានរៀបចំតុបតែងពន្លាជាតិកម្ពុជា មួយទំហំ ៣៨៤.៥ ម៉ែត្រការ៉ែ កម្ពស់ ២ជាន់ ដែលបានបង្ហាញនូវភាពដ៏ល្អ និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីបុរាណដ៏យូរលង់កន្លងមក ជាមួយនិងភាពជោគជ័យ ការសម្បូរបែបបនៃវប្បធម៌អរិយធម៌ដ៏ចំណាស់ ដែលជាបេតិកភណ្ឌរបស់ខ្លួន ជាពិសេសប្រាសាទអង្គវត្តជាកេរ្តិមរតកដ៏ល្បីល្បាញ ដែលជាកន្លែងសក្តិសិទ្ធដែលបានទាក់ទាញ ភ្ញៀវទេសចរណ៍មកពីទូទាំងពិភពលោក។

ក្នុងនោះ បានបង្ហាញនូវតំបន់រិស្ថានធម្មជាតិ តំបន់ទេសចរណ៍ប្រណិត និងភាពរីកចម្រើនលើវិស័យកសិកម្មផងដែរ។ កត្តានេះ កម្ពុជា បានសម្រេចចិត្តជ្រើសរើស «និរន្តភាព» ជាប្រធានបទរបស់ខ្លួន ក្នុងពិព័រណ៍ពិភពលោកឌុយបៃ២០២០នេះ។ ប្រធានបទនេះ ក៏បានបង្ហាញនូវទំនាក់ទំនងការអភិវឌ្ឍន៏ វិស័យពាណិជ្ជកម្ម គោលនយោបាយវិនិយោគ ទេសចរណ៍ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច។ នៅក្នុងបរិវេណពន្លាជាតិកម្ពុជា មានភ្ញៀវទេសចរជនជាតិអារ៉ាប់ ភ្ញៀវទេសចរបរទេសបានចាប់អារម្មណ៍ទស្សនាម៉ាកែត ប្រាសាទអង្គវត្ត និងការតុបតែងទេសភាពតំបន់ឆ្នេសមុទ្រយ៉ាងស្រស់បំព្រង និងរស់រវើក

ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម មានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ ហើយតាមការគ្រោងទុក កម្ពុជានឹងរៀបចំប្រារព្ធ ទិវាជាតិកម្ពុជា (Cambodia National Day) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ដែលក្នុងឱកាសនោះ នឹងមានរៀបចំ ការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណីខ្មែរ ការបង្ហាញម្ហូបអាហារខ្មែរ ពិធីដង្ហែរក្បូនព្យុហយាត្រា -ល- ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែល្បីរន្ទឺថែមទៀតនៅលើឆាកអន្តរជាតិ៕