(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូលស្រោមដៃកៅស៊ូពីក្រុមហ៊ុនផលិតស្រោមដៃមួយរបស់ប្រទេសម៉ាឡេស៊ី ដោយសារការចោទប្រកាន់ថាបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ម៉ាឡេស៊ី គឺជាប្រទេសដែលប្រមូលផ្តុំដោយពលករអន្តោប្រវេសន៍រាប់លាននាក់ ដែលស្វែងរកការងារធ្វើក្នុងវិស័យផលិតកម្ម និងកសិកម្ម ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ពលករទាំងនោះជាញឹកញាប់ទទួលរងការធ្វើបាប។

អង្គភាពគយ និងការពារព្រំដែន (CBP) របស់សហរដ្ឋអាមេរិក បានប្រកាសពីការហាមឃាត់ការនាំចូលស្រោមដៃកៅស៊ូរបស់ក្រុមហ៊ុន Supermax កាលពីថ្ងៃពុធ បន្ទាប់ពីការស៊ើបអង្កេតមួយបានរកឃើញសញ្ញានៃការប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុនមួយនេះ។

លោកស្រី AnnMarie R. Highsmith មន្ត្រីរបស់អង្គការ CBP បានត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងថា៖ «CBP មានភស្តុតាងច្រើន ដើម្បីបញ្ជាក់ថា ក្រុមហ៊ុន Supermax និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះផលិតស្រោមដៃដែលរំលោភច្បាប់ពាណិជ្ជកម្មរបស់អាមេរិក»

លោកស្រីបន្ថែមថា៖ «លុះត្រាតែក្រុមហ៊ុន Supermax និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះ អាចបញ្ជាក់ថា ដំណើរការផលិតកម្មរបស់ពួកគេមិនមានពលកម្មដោយបង្ខំ បើមិនដូច្នេះទេទំនិញរបស់ពួកគេមិនត្រូវបានស្វាគមន៍នៅទីនេះឡើយ»

អង្គភាពគយ និងការពារព្រំដែនអាមេរិកមួយនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីការចោទប្រកាន់អំពីការរំលោភបំពានកម្លាំងពលកម្មនៅក្រុមហ៊ុននេះឡើយ ដែលក្រុមហ៊ុននេះនាំចេញស្រោមដៃទៅកាន់ប្រទេសជាង ១៦០ និងអាចផលិតស្រោមដៃបានរហូតដល់ ២៤ប៊ីលានស្រោមក្នុងមួយឆ្នាំ។

ប៉ុន្តែមន្ត្រីសិទ្ធិពលករអន្តោប្រវេសន៍លោក Andy Hall ដែលបានស៊ើបអង្កេតករណីរបស់ក្រុមហ៊ុន Supermax បាននិយាយថា បណ្តឹងរបស់កម្មរមានចាប់ពីការមិនអាចចាកចេញពីបរិវេណរោងចក្របាន រហូតដល់ស្ថានភាពរស់នៅតូចចង្អៀត និងការកាត់ប្រាក់ខែខុសច្បាប់។ នេះបើយោងតាមទីភ្នាក់ងារព័តមានរ៉យទ័រ៕