(ហ្សិនចិន)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group របស់ប្រទេសចិន បានគេចផុតពីការបរាជ័យ សងបំណុលតាមរយៈការបង់សង់ការប្រាក់មូលបត្របំណុលមុនពេលដល់កាលបរិច្ឆេទកំណត់នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ការបង់សង់នេះគឺជាការវិវឌ្ឍចុងក្រោយបំផុតមួយក្នុងចំណោមហេតុការណ៍ជាច្រើនដែលបានទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនលំដាប់ពិភពលោកជាច្រើនមកលើក្រុមហ៊ុនដ៏ធំដែលជិតដួលរលំមួយនេះ។

ប្រភពដែលដឹងព័ត៌មាននេះតែស្នើសុំមិនបង្ហាញអត្តសញ្ញាណបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ក្រុមហ៊ុន Evergrande បានបង់សង ៨៣,៥លានដុល្លារសម្រាប់ការប្រាក់មូលបត្របំណុល ហើយម្ចាស់មូលបត្របំណុលនឹងទទួលបានប្រាក់នេះនៅមុនថ្ងៃសៅរ៍។ រយៈពេលអនុគ្រោះ (grace period) ៣០ថ្ងៃសម្រាប់ការប្រាក់ (គូប៉ុង) មូលបត្របំណុល នឹងផុតកំណត់នៅថ្ងៃសៅរ៍ បន្ទាប់ពីក្រុមហ៊ុនបានខកខានសងបំណុលតាមកាលបរិច្ឆេទដើម។

ក្នុងរយៈពេលជាងមួយខែមកនេះ មានការរំពឹងថានឹងកើតមានការក្ស័យធនចំពោះក្រុមហ៊ុនមួយនេះ ដែលជំរុញឱ្យមានភាពរង្គោះរង្គើរទីផ្សារឥណទាននៅក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនផ្សេងទៀត និងប៉ះពាល់ដល់ទំនុកចិត្តក្នុងចំណោមទីផ្សារអចលនទ្រព្យចិន ដែលមានចំណែកប្រហែលជាងមួយភាគបួននៃសេដ្ឋកិច្ចចិន។

ក្រុមហ៊ុន Evergrande ត្រូវសងការប្រាក់សម្រាប់មូលបត្របំណុលជាប្រាក់ដុល្លារមួយផ្សេងទៀតនៅឆ្នាំនេះ ហើយបំណុលជាច្រើនទៀតនឹងត្រូវដល់ពេលកំណត់ត្រូវសងនៅឆ្នាំក្រោយដែលមានចំនួនប្រហែល ៧,៤ប៊ីលានដុល្លារទាំងបំណុលក្នុងប្រទេស និងក្រៅប្រទេស។

ការបរាជ័យក្នុងការចរចាអំពីការទិញភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួនក្នុងតម្លៃ ២,៦ប៊ីលានដុល្លារ បានបង្ហាញពីការលំបាកដែលក្រុមហ៊ុនកំពុងប្រឈមក្នុងការប្រមូលមូលនិធិតាមរយៈការលក់ទ្រព្យសកម្ម។ ក្រុមហ៊ុន Evergrande បានឱ្យដឹងកាលពីថ្ងៃពុធថា ការលក់អចលនទ្រព្យរបស់ខ្លួនបានធ្លាក់ចុះ ៩៧ភាគរយក្នុងអំឡុងរដូវទិញលក់ផ្ទះខ្លាំងនៅចិន និងថា ក្រុមហ៊ុនមិនមានលទ្ធភាពបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួនឡើយ ដែលសរុបមានជាង ៣០០ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ Bloomberg៕