(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានអំពាវនាវឱ្យសហរដ្ឋអាមេរិកគាំទ្រដល់ស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បន្ទាប់ពីប្រទេសចិនដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ នេះបើយោងតាមកាសែត Nikkei Asia។

កាសែត Nikkei Asia បានរាយការណ៍ថា លោក Toshimitsu Motegi បានថ្លែងក្នុងកិច្ចពិភាក្សាមួយថា វាមានសារៈសំខាន់សម្រាប់អាមេរិកក្នុងការចូលរួមបង្កើនសណ្ដាប់ធ្នាប់សេដ្ឋកិច្ចក្នុងតំបន់ រួមទាំងតាមរយៈការវិលត្រលប់មកកាន់តុចរចាវិញសម្រាប់កិច្ចព្រមព្រៀង CPTPP ផងដែរ។

ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីប្រទេសចិន និងកោះតៃវ៉ាន់បានដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមពាណិជ្ជកម្មសេរីពិភពលោកមួយនេះកាលពីខែកញ្ញា។ អាមេរិកគឺជាប្រទេសដែលដំបូងឡើយដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតកិច្ចព្រមព្រៀងនេះ ប៉ុន្តែក្រោយមករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ២០១៧។

សុន្ទករថារបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Motegi បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ថ្មីៗនេះបានថ្លែងថា សម្ព័ន្ធមិត្តរវាងអាមេរិក និងជប៉ុនគឺជាសរសេរគ្រឹះនៃសន្តិភាព និងភាពរុងរឿងអន្តរជាតិ។ លោកថ្លែងទៀតថា ទីក្រុងតូក្យូ «នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយប្រទេសនានា រួមទាំងសមាគមអាស៊ាន និងអឺរ៉ុបនៅក្នុងពេលអនាគតផងដែរ»

កាសែត Nikkei Asia បានរាយការណ៍ទៀតថា ទាក់ទងនឹងគោលជំហររបស់ជប៉ុនចំពោះប្រទេសចិន លោក Motegi បានថ្លែងថា ជប៉ុននឹងមិនបោះបង់ចោលគុណតម្លៃជាមូលដ្ឋាន និងគោលការណ៍នានាដូចជា ប្រជាធិបតេយ្យ នីតិរដ្ឋ និងពាណិជ្ជកម្មសេរី ខណៈពេលធ្វើការងារជាមួយទីក្រុងប៉េកាំងក្នុងវិស័យដែលប្រទេសទាំងពីរអាចសហការគ្នាបាន៕