(ហុងកុង)៖ ក្រុមហ៊ុន Modern Land China បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យចុងក្រោយបំផុតរបស់ប្រទេសចិន ដែលបានខកខានសង់បំណុលជាប្រាក់ដុល្លារដល់ម្ចាស់បំណុលរបស់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Nikkei Asia។

ការបរាជ័យក្នុងការសងបំណុលទាំងការប្រាក់ និងប្រាក់ដើមទៅកាន់ម្ចាស់មូលបត្របំណុលរបស់ក្រុមហ៊ុន បានកើតមានឡើងបន្ទាប់ពីការកើតមានវិបត្តិរបស់ក្រុមហ៊ុន China Evergrande Group ដែលបានបង្កឱ្យមានភាពរង្គោះរង្គើក្នុងទីផ្សារអចលនទ្រព្យ និងប៉ះពាល់ដល់អារម្មណ៍របស់វិនិយោគិន។

កាសែត Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុន Modern Land China បានដាក់ឯកសារទៅកាន់ផ្សាយហ៊ុនសង្ហបុរីដែលក្រុមហ៊ុនបានចុះបញ្ជីនៅទីនោះ ដោយបានលើកឡើងពីការបរាជ័យសងបំណុលនេះ ដែលមានចំនួន ២៥០លានដុល្លារ។ ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងឯកសារនេះថា ខ្លួនកំពុងធ្វើការងារជាមួយក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ Sidley Austin ដើម្បីស្វែងរកវិធីដោះស្រាយវិបត្តិនេះ។

ឯកសារនេះបានលើកឡើងថា ការទូទាត់សងមិនបានធ្វើឡើងទេ «ដោយសារបញ្ហាសាច់ប្រាក់ងាយស្រួលដែលកើតមានឥតរំពឹងទុកដោយសារផលប៉ះពាល់កើតចេញពីកត្តាមួយចំនួន រួមទាំងបរិយាកាសម៉ាក្រូសេដ្ឋកិច្ច បរិយាកាសឧស្សាហកម្មអចលនទ្រព្យ និងការរាតត្បាតជំងឺកូវីដ-១៩ ដែលក្រុមហ៊ុនបានប្រឈម»។

ក្រុមហ៊ុន Fantasia Holdings ក្រុមហ៊ុន Sinic Holdings និងក្រុមហ៊ុន China Properties បានបរាជ័យសងបំណុលរួចហើយសម្រាប់មូលបត្របំណុលក្រៅប្រទេសរបស់ខ្លួននៅខែនេះ ខណៈដែលក្រុមហ៊ុន China Evergrande Group បានគេចផុតពីការបរាជ័យសងបំណុលទាំងត្រដាបត្រដួសដោយបានសងការប្រាក់ជូនម្ចាស់បំណុលរបស់ខ្លួននៅនាទីចុងក្រោយ។

ក្រុមហ៊ុន Modern Land កាលពីថ្ងៃពុធសប្តាហ៍មុនបានបោះបង់ចោលសំណើសុំពន្យាពេលសងមូលបត្របំណុលនេះ ហើយនៅព្រឹកបន្ទាប់បានផ្អាកជួញដូរភាគហ៊ុន និងមូលបត្របំណុលរបស់ខ្លួន ដោយរង់ចាំការជូនដំណឹងបន្ថែម។ នេះបើយោងតាមកាសែត Nikkei Asia៕