(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាមិនរៀបចំគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលរាជរដ្ឋាភិបាលសម្រេចរួចតាំងពីឆ្នាំ២០១៩ និងបន្តលើកទឹកចិត្តវិនិយោគទៅលើថាមពលស្អាតវិញ ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាលោក ស្រី ធីណា រេតស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា មុនពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (The 26th United Nations Climate Change Conference of the Parties – COP26) នាពេលខាងមុខ។

លោកបានឱ្យដឹងថា កម្ពុជានឹងប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ និងបន្តលើកទឹកចិត្ត ចំពោះការវិនិយោគលើវិស័យថាមពលស្អាត។

លោកបន្តថា យោងតាមការសិក្សាផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា ដែលកំពុងរៀបចំជាមួយធនាគារ ADB ចំពោះការចូលរួមដោះស្រាយគោលដៅបរិស្ថានជាតិ និងការបេ្តជ្ញាចិត្តជាសកល ក្នុងវិស័យថាមពលនេះ គឺ សមាមាត្រនៃអនុភាពនៃប្រភពថាមពលកកើតឡើងវិញ ទៅក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា នឹងមានចំនួនប្រមាណ ៥៩% ហើយអាំងតង់ស៊ីតេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងផែនការថ្មី ធៀបនឹងសេណារីយ៉ូចាស់ តាមទម្លាប់ដែលកម្ពុជាធ្វើការអភិវឌ្ឍពីមុនមក គឺនឹងបន្ថយចំនួន ៣៤% ធៀបទៅនឹងការអភិវឌ្ឍតាមទម្លាប់ចាស់។

លោក ស្រី ធីណា រេតស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានស្នើសុំឱ្យក្រសួង ពិនិត្យ និងគាំទ្រគម្រោងវិនិយោគថាមពលដើរដោយពន្លឺព្រះអាទិត្យ របស់ក្រុមហ៊ុនអង់គ្លេសនៅកម្ពុជាផងដែរ។

សូមជាម្រាបថា គិតត្រឹមពេលបច្ចុប្បន្ន ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិមានភូមិចំនួន៩៧% ទទួលបានការផ្គត់ផ្គង់អគ្គិសនី ពីបណ្តាញចែកចាយអគ្គិសនី និងលំនៅដ្ឋានចំនួនជាង ៨៤% ទទួលបានការភ្ជាប់បណ្តាញប្រើប្រាស់ ៕