(ប៉េកាំង)៖ ទិន្នផលធ្យូងថ្មរបស់ប្រទេសចិននៅខែតុលា បានកើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់ពីខែមីនា ឆ្នាំ២០១៥ មក បន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តឱ្យមានការពង្រីកអណ្តូងរ៉ែធ្យូងថ្ម ដើម្បីទម្លាប់តម្លៃដែលមានកម្រិតខ្ពស់បំផុត និងបង្កើនការផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមការិយាល័យស្ថិតជាតិចិន ប្រទេសផលិតនិងប្រើប្រាស់ធ្យូងថ្មធំបំផុតក្នុងពិភពលោកមួយនេះ ផលិតធ្យូងថ្មបានចំនួន ៣៥៧,០៩លានតោនកាលពីខែមុន កើនឡើងពី ៣៣៤,១លានតោននៅខែកញ្ញា។

ទិន្នផលធ្យូងថ្មដែលផលិតបានក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះមានចំនួន ៣,៣ប៊ីលានតោន កើនឡើង ៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គណៈកម្មការអភិវឌ្ឍន៍ និងកែទម្រង់ជាតិ (NDRC) របស់ប្រទេសចិនបានឱ្យដឹងកាលពីខែមុនថា គិតចាប់ពីខែកក្កដាមក ប្រទេសចិនបានអនុម័តការពង្រីកអណ្តូងរ៉ែធ្យូងថ្មជាង ១៥៣ទីតាំង ដែលអាចមានសមត្ថភាពបន្ថែមទិន្នផលបាន ៥៥លានតោននៅត្រីមាសទី៤។

រដ្ឋាភិបាលចិន ដែលកំពុងព្យាយាមបញ្ចប់កង្វះថាមពលអគ្គិសនីផងដែរ ក៏បានហាមឃាត់រដ្ឋបាលថ្នាក់មូលដ្ឋានឱ្យបិទអណ្តូងរ៉ែធ្យូងថ្មដែលគ្មានអាជ្ញាប័ណ្ណ និងបានជំរុញឱ្យមានការចាប់ផ្តើមដំណើរការឡើងវិញភ្លាមៗនូវអណ្តូងរ៉ែដាលបានបិទកន្លងមក នៅពេលដែលអណ្តូងរ៉ែទាំងនោះបានកែខៃបញ្ហារួចហើយនោះ។

NDRC ដែលជាស្ថាប័នរៀបចំផែនការជាន់ខ្ពស់របស់ចិនបានឱ្យដឹងនៅសប្តាហ៍មុនថា ផលិតកម្មធ្យូងថ្មប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ១២,០៥លានតោន បន្ទាប់ពីធ្លាក់ចុះនៅសប្តាហ៍កន្លងមកជាង ១លានតោន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា តម្លៃធ្យូងថ្មនៅទីផ្សារទិញលក់ភ្លាមៗបានធ្លាក់ចុះប្រហែលពាក់កណ្តាលពីតម្លៃកាលពីមួយខែមុន ដោយទិញលក់ក្នុងតម្លៃ ១៥៦,៧ដុល្លារក្នុងមួយតោននៅកំពង់ផែភាគខាងជើងប្រទេសចិន ដោយសារមានវិធានការអន្តរគមន៍ជាច្រើនដែលដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង៕