(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines Ltd រំពឹងថានឹងចាប់ផ្តើមជើងហោះហើររបស់យន្តហោះ Boeing 737 MAX ឡើងវិញនៅចុងឆ្នាំនេះ ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ការវិលត្រលប់មកវិញរបស់យន្តហោះម៉ូដែលនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា និយ័តករអាកាសចរណ៍របស់សិង្ហបុរីបានអនុម័តជើងហោះហើររបស់យន្តហោះម៉ូដែល 737 MAX កាលពីខែកញ្ញា ពោលគឺជាងពីរឆ្នាំបន្ទាប់ពីយន្តហោះប្រភេទនេះត្រូវបានហាមឃាត់មិនឱ្យហោះហើរក្រោយមានការធ្លាក់យន្តហោះពីរករណីដែលបង្កឱ្យមនុស្សយ៉ាងច្រើនបានស្លាប់។

ប៉ុន្តែក្រុមហ៊ុន Singapore Airlines មិនទាន់បានប្រើប្រាស់យន្តហោះនេះដើម្បីផ្តល់សេវាហោះហើរនៅឡើយទេ ពីព្រោះវាចាំបាច់ត្រូវការការអនុញ្ញាតពីប្រទេសផ្សេងទៀតឱ្យយន្តហោះម៉ូដែលនេះហោះហើរឡើងវិញជាមុនសិន។

លោក Lee Lik Hsin អនុវត្តប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Singapore Airlines ប្រាប់ក្រុមអ្នកយកព័ត៌មានអំពីផែនការដាក់ជើងហោះរហើររបស់យន្តហោះម៉ូដែលនេះឡើងវិញថា៖ «យើងពិតជាសង្ឃឹមថា វានឹងកើតមានក្នុងពេលឆាប់ៗនេះ។ យើងពិតជារំពឹងថា វានឹងកើតឡើងមុនដំណាច់ឆ្នាំនេះ»។

ប្រទេសឥណ្ឌា ម៉ាឡេស៊ី អូស្រ្តាលី និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលបានអនុម័តការដាក់ឱ្យយន្តហោះម៉ូដែល 737 MAX ហោះហើរឡើងវិញ ខណៈដែលប្រទេសចិន និងឥណ្ឌូនេស៊ីស្ថិតក្នុងចំណោមប្រទេសដែលមិនបានអនុម័ត។

ទោះជាយ៉ាងណា និយោតករអាកាសចរណ៍របស់ប្រទេសចិនបានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ថា ខ្លួនពេញចេញទៅនឹងការផ្លាស់ប្តូរការរចនានានាចំពោះយន្តហោះនេះ ដែលអាចដោះស្រាយបញ្ហាសុវត្ថិភាព។

លោក David Calhoun នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានឱ្យដឹងកាលពីខែមុនថា ក្រុមហ៊ុនកំពុងធ្វើការងារឆ្ពោះទៅរកការទទួលបានការអនុម័តពីប្រទេសចិននៅដំណាច់ឆ្នាំនេះ។

ក្រុមហ៊ុន Singapore Airlines មានយន្តហោះ 737 MAX ចំនួន ៦គ្រឿងនៅក្នុងចំណោមយន្តហោះសរុបរបស់ខ្លួន និងមានការបញ្ជាទិញចំនួន ៣១គ្រឿងផ្សេងទៀតដើម្បីប្រើប្រាស់សម្រាប់ការហោះហើរនៅអាស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ៕