(ភ្នំពេញ)៖ អ្នកជំនាញ និងអ្នកប្រកបអាជីវកម្ម ក្នុងវិស័យទេសចរណ៍បាន ដាក់ក្តីសង្ឃឹមថា ការសម្រេចលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា នឹងជំរុញឱ្យភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ដែលអាចជួយស្តារអាជីវកម្មរបស់ពួកគេ ដែលរងគ្រោះអស់រយៈពេលជិត២ឆ្នាំ ឱ្យដំណើរការល្អឡើងវិញ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គឺការមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរចូលមកកម្ពុជា គឺជាសញ្ញាវិជ្ជមានសម្រាប់ស្តារវិស័យទេសចរណ៍ឱ្យបានឆាប់ជាងមុនផែនការ ដោយសារតែកម្ពុជានឹងអាចដណ្តើមបានភ្ញៀវទេសចរមុនប្រទេសនានាក្នុងតំបន់ ដែលជាពន្លឺសម្រាប់អ្នកប្រកបអាជីវកម្ម ក្នុងវិស័យទេសចរណ៍ឆាប់ស្តារអាជីវកម្មរបស់ខ្លួនបានលឿន។

លោកស្រីបានពន្យល់យ៉ាងដូច្នេះថា «បើយើងសម្រេចបិទបញ្ចប់ការធ្វើចត្តាឡីស័ក អីចឹងភ្ញៀវដឹងតែយកជម្រើសកម្ពុជាជាជម្រើសទី១ ក្នុងការចេញដំណើរទេសចរណ៍របស់ភ្ញៀវ គឺយើងអាចស្តារឡើងវិញបានឆាប់។ និយាយរួមយើងអាចដណ្តើមភ្ញៀវបានមុនគេ ដោយសារការធ្វើចត្តាឡីស័កនេះភ្ញៀវណាក៏មិនចូលចិត្តដែរ»។

លោកស្រីថា «ខ្ញុំគិតថា យើងអាចគ្រប់គ្រងកូវីដ១៩បាន ដោយសារតែភ្ញៀវដែលបានចូលមកកម្ពុជា គឺយើងរើសយកតែភ្ញៀវដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូសតែប៉ុណ្ណោះ អីចឹងបើចៃដន្យមានការរីករាលដាល ក៏ក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រង ហើយប្រជាពលរដ្ឋយើងក៏បានចាក់វ៉ាក់សាំង ក៏សឹងតែ ៩០%ហើយ។ បើប្រៀបធៀបជាមួយប្រទេសគេ ដែលគេមិនទាន់ស្មើយើងផង គេទើបចាក់បានបន្តិច គេអាចហ៊ានប្រកាសបើកប្រទេសទៅហើយ ចុះទម្រាំយើងចាក់បានសឹងទាំងអស់ហើយ ហេតុអីយើងមិនទាញអត្ថប្រយោជន៍ ពីការពន្លឿននៃការចាក់វ៉ាកសាំងនេះ។ វាពន្លឺនៃក្តីសង្ឃឹមបានមកដល់ហើយសម្រាប់អាជីវករទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេសទាំងមូល»។

តែយ៉ាងណាក្តី លោកស្រីបារម្ភពីកង្វះខាតជើងហោះហើរ ដោយសារតែការប្រកាសភ្លាមៗ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនមិនទាន់បើកដំណើរ និងមិនទាន់មានការហោះហើរសម្បូរបែប សម្រាប់ភ្ញៀវនៅឡើយទេ។

ជាមួយគ្នានេះ លោក ហួត ឃាង អគ្គនាយករងក្រុមហ៊ុនទេសចរណ៍ អល ឌ្រីម ខេមបូឌា បានលើកឡើងថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការសម្រេចចិត្តដ៏ល្អមួយ ដែលនឹងជួយដល់ការស្តារសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ដែលរងគ្រោះខ្លាំង។ លោកបន្តថា ការសម្រេចនេះ ធ្វើឱ្យអ្នកប្រកបរបរក្នុងវិស័យនេះ មានកម្លាំងក្នុងការក្រោកឈរឡើងវិញ ។

លោករំពឹងថា បន្ទាប់ពីកម្ពុជាបើកប្រទេស និងមិនតម្រូវឱ្យភ្ញៀវធ្វើចត្តាឡីស័ក នឹងមានភ្ញៀវទេសចរមកច្រើន ដែលធ្វើឱ្យផែនការស្តារអាជីវកម្មរបស់ក្រុមហ៊ុនលោក អាចបង្រួមពី២ឆ្នាំ មក៦ខែវិញ។ ខណៈបច្ចុប្បន្ននេះ ក៏មានការកក់សំបុត្រសម្រាប់ដំណើរកម្សាន្ត ពីភ្ញៀវមួយចំនួនផងដែរ។

«មានកក់ ប៉ុន្តែមិនមែនកក់ភ្លាមទេ កក់នៅក្នុងឆ្នាំ២០២២ ចាប់ពីខែមិនាយើងមានខ្លះ រហូតដល់ចុងឆ្នាំ២០២២ ព្រោះរាល់ថ្ងៃស្ថិតនៅក្នុង Hight Season របស់ទីផ្សារអឺរ៉ុប ប៉ុន្តែវានឹងដាច់ទៅវិញនៅក្នុងខែមេសា។ អីចឹងនៅក្នុងដំណាក់កាលយើងប្រកាសបើកភ្លាមអីចឹងមក ភ្ញៀវខាងក្រៅក៏គាត់អត់មានគោលការណ៍ថា ត្រូវមកស្រុកយើង។ គាត់ទើបចាប់ផ្តើមផែនការ ចាប់ផ្តើមសួរ សុំតម្លៃ យើងចេះតែផ្ញើឱ្យគាត់ អីចឹងទៅសម្រាប់ការដែលគាត់ត្រូវមកជាក់ស្តែង យើងអត់មានជាក់ស្តែងទេ តែរំពឹងថា ចាប់ពីខែបី ទៅបើសភាពរាល់ថ្ងៃនៅតែល្អ យើងនឹងមានភ្ញៀវ»។ លោក ហួត ឃាង បញ្ជាក់បន្ថែម។

លោកគូសបញ្ជាក់ថា ក្រុមហ៊ុនលោកបានត្រៀមខ្លួនរួចហើយ សម្រាប់ទទួលភ្ញៀវទេសចរឡើងវិញ «បើកាលណាមានជើងហោះហើរដោយផ្ទាល់មកស្រុកយើង យើងអាចឱ្យភ្ញៀវស្នាក់នៅចន្លោះពីមួយអាទិត្យទៅ១១ថ្ងៃបាន ដោយសារសក្តានុពលផ្នែកទេសចរណ៍ស្រុកយើង គ្រប់កន្លែងទាំងអស់ត្រូវបានអភិវឌ្ឍរួចហើយ គឺយើងមានចម្រុះទាំងធម្មជាតិ និងវប្បធម៌»។

ចំណែកលោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារបានថ្លែងថា សម្រាប់វិស័យសណ្ឋាគារត្រូវការពេលមួយចំនួនទៀត ដើម្បីរៀបចំខ្លួនសម្រាប់ទទួលភ្ញៀវទេសចរ ប៉ុន្តែក៏មានសណ្ឋាគារមួយចំនួន ក៏បានរៀបចំខ្លួនរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរ។ លោកស្រីអះអាងថា ចំនួនសណ្ឋាគារដែលបានរៀបចំរួចរាល់ នឹងអាចឆ្លើយតបចំនួន ដែលបានមកលេងនៅកម្ពុជានាពេលនេះ និងពេលខាងមុខ។

លោកស្រី ខៃ ចិន្តា លើកឡើងទៀតថា «ចំពោះសណ្ឋាគារខ្នាតតូចយើងត្រូវការពេល២ ទៅ៣ខែ យើងរៀបចំស្រួលបួល ១០០%បាត់ទៅហើយ ហើយសណ្ឋាគារធំអាចថាពី៣ខែទៅកន្លះឆ្នាំ ប៉ុន្តែមិនមែនបញ្ហាទេ ព្រោះថាការបើកប្រទេសរបស់រាជរដ្ឋាភិបាល គឺអនុញ្ញាត ឱ្យភ្ញៀវទេសចរអន្តរជាតិ ចូលមកលេងស្រុកខ្មែរយើង ក៏លោកចូលមកលេងជាបណ្តើរៗ គឺមិនមែនមកគំហុកចាប់ផ្តើមភ្លាមៗនោះទេ ចឹងនឹងមានកំណើនទេសចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ។ អីចឹងបានផ្តល់លទ្ធភាព និងពេលវេលាឱ្យសណ្ឋាគារ មានពេលរៀបចំពេញលេញបាន១០០%»។