(ភ្នំពេញ)៖ កម្ពុជាបានចាប់ផ្ដើមផលិតសំបកកង់រថយន្ត នាំចេញសាកល្បងជាលើកដំបូង ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Cart Tire Co., Ltd លើផ្ទៃដីទំហំ៥០ហិកតា នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលវិនិយោគក្នុងទឹកប្រាក់៣៥០លានដុល្លារអាមេរិក។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា រោងចក្រនេះ នឹងជួយដល់វិស័យកៅស៊ូ នៅក្នុងប្រទេសកម្ពុជា ដែលចំការកៅស៊ូក្រុមហ៊ុន ក៏ដូចជាចំការកៅស៊ូជាលក្ខណៈគ្រួសារ មិនភ័យខ្លាចក្នុងខ្វះទីផ្សារ។

ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «រោងចក្រនេះ ចាប់ផ្ដើមសាងសង់ពីខែមករា ឆ្នាំ២០២១។ មកដល់ពេលនេះ បានរួចរាល់ហើយ នឹងកំពុងនាំចេញ សាកល្បងជាបណ្ដើរៗ នូវកង់រថយន្ដជាជំហានដំបូង»

លើសពីនោះទៀត ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ការសាកល្បងនាំចេញសំបកកង់រថយន្តនេះ ជារឿងអបអរសាទរមួយ សម្រាប់ទីផ្សារកៅស៊ូកម្ពុជា ដែលអាចលក់ នៅក្នុងស្រុកបានទន្ទឹមពេលដែលច្បាប់វិនិយោគថ្មី លើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) ដែលធ្វើឲ្យចំការកៅស៊ូ អាចផ្គត់ផ្គង់ជូនរោងចក្របាន។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា «ក្រុមហ៊ុននេះ នឹងទិញកៅស៊ូក្នុងស្រុក ហើយធ្វើការកែច្នៃទៅជាសំបកកង់ ដែលនេះជាគោលបំណងនៃការខិតខំរបស់រាជរដ្ឋាភិបាល ជំរុញឲ្យមានការកែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមាន ទៅជាទំនិញដើម្បីនាំចេញ ជៀងវាងនាំចេញជាវត្ថុធាតុដើម មុនធ្វើការកែច្នៃ។ ការកែច្នៃនេះ ជាការបង្កើនតម្លៃបន្ថែមក្នុងស្រុក»

លោក សុខ ចិន្តាសោភា បញ្ជាក់ថា ការសាកល្បងនាំចេញកង់រថយន្ដជាជំហានដំបូងនេះ គឺបាននាំចេញសំបកកង់យានយន្ដចំនួន៨០គ្រាប់ ទៅកាន់ប្រទេសវៀតណាម ខណៈទំហំផលិតកម្មពេញសមត្ថភាពក្នុងមួយថ្ងៃបានប្រមាណ១០០០គ្រាប់។ ទីផ្សារធំសម្រាប់ការនាំចេញ សំបកកង់រថយន្ដរបស់ក្រុមហ៊ុន Cart Tire Co., Ltd គឺសហរដ្ឋអាមេរិក និងសហគមន៍អ៊ីរ៉ុប។

គូសបញ្ជាក់ថា ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគ នៅប្រទេសវៀតណាម តាំងពីឆ្នាំ២០១១។ ក្រុមហ៊ុននេះ មានម្ចាស់ភាគហ៊ុន ជាក្រុមហ៊ុន Sailun International Holding (Hong Kong) Co.,Ltd ចុះបញ្ជីនៅសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្នរោងចក្រនេះ កំពុងប្រើប្រាស់កម្លាំងពលកម្មជាង៣០០នាក់។

ក្រុមហ៊ុននេះធ្លាប់បានអះអាងថា ខ្លួននឹងបញ្ជាទិញកៅស៊ូក្នុងស្រុក ១០០% សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិត សំបកកង់រថយន្ត។ ដោយនៅឆ្នាំទី១ ក្រុមហ៊ុននឹងត្រូវការកៅស៊ូប្រមាណ ៥០,០០០តោន ហើយនៅឆ្នាំទី៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០,០០០តោន ស្មើនឹងប្រមាណ៤៣% នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុប ឆ្នាំ២០២០៕